Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អ៊ិត សំហេង ​៖ កំពុង​យកចិត្តទុកដាក់​បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

spot_img

​​​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ដៃគូ​ពាក់ព័ន្ធ សមាគម​និយោជក អង្គការ​សហជីព កម្មករ​និយោជិត ព្រមទាំង​បងប្អូន​ជនរួមជាតិ ជ្រាបថា ដើម្បី​បន្ត​ស្មារតី​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នឹង​កំពុង​យកចិត្តទុកដាក់​បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​។

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​ជា​អធិបតី​​ ក្នុង​ពិធី​អបអរសាទរ​ខួប លើក​ទី​១៣២ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​ “​សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខរបរ​” នា​ព្រឹក ថ្ងៃ​ចន្ទ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ នៅ ទីស្តីការក្រសួង​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ឆ្នាំនេះ រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​សារាចរ​ណែនាំ​និង​សារលិខិត ដើម្បី​បំផុស​លើកទឹកចិត្ត​កម្មករនិយោជិត និង​ជនរួមជាតិ​។ ប៉ុន្មាន​ថ្ងៃនេះ មាន​រោងចក្រ សហគ្រាស​ជាច្រើន​បាន​រៀបចំ​កម្មវិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត កម្មវិធី​កំសាន្ដ​សប្បាយ ពិធីជប់លៀង រាំ​កំសាន្ដ រៀបចំ​ដំណើរ​ទេសចរណ៍ និង​រៀបចំ​ឱ្យ​កម្មករ​កម្មការិនី​សម្រាកលំហែ​។​ល​។ ដែល​នាំមក​នូវ​បរិយាកាស​សាមគ្គីភាព ភាតរភាព​ក្នុងសង្គម​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ក្នុង​ទិវា​នេះ​ប្រកបដោយ​ស្មារតី​ស្ថាបនា និង​សូម​អរគុណ​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ នៃ​ទិវា​ពលកម្ម​អន្ដរជាតិ ១ ឧសភា ឆ្នាំ​២០១៨ ដ៏​ឱឡារិក​នេះ​។ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា ស្អែក​នេះ យើង​ក៏​បាន​រៀបចំ​កម្មវិធី​វប្បធម៌ ការប្រឡង​ជ្រើសរើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ (​លើក​ទី​៤) សំដៅ​បង្កើត​នូវ​បរិយាកាស​សប្បាយរីករាយ​ជូន​បងប្អូន​កម្មករ កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង នៅ​កម្ពុជា និង​វិស័យ​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ក្នុងឱកាស​អបអរសាទ​រ​ខួប អនុស្សាវរីយ៍​លើក​ទី​១៣២ ទិវា​ពលកម្ម​អន្តរជាតិ​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ដៃគូ​ពាក់ព័ន្ធ សមាគម​និយោជក អង្គការ​សហជីព កម្មករ​និយោជិត ព្រមទាំង​បងប្អូន​ជនរួមជាតិ ជ្រាបថា ដើម្បី​បន្ត​ស្មារតី​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នឹង​កំពុង​យកចិត្ត​ដាក់​លើ​ប្រការ​មួយចំនួន ដូចខាងក្រោម​៖

១-​បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​។ បន្ត​ពង្រឹង​យន្តការ​អធិការ​កិច្ចការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ពង្រឹង​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ស្របច្បាប់​របស់​កម្មករ​និយោជិត និង​និយោជក ព្រមទាំង​បង្កើន​ការអនុវត្ត​ប្រកបដោយ ប្រសិទ្ធភាព​នូវ​បទបញ្ជា​លេខ​០២​បប ចុះ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្តីពី​ការអនុវត្ត​ផែនការ​ស្តីពី​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកកម្ម បាតុកម្ម នៅ​តាម​គ្រប់​មុខសញ្ញា ឆ្នាំ​២០១៦-២០១៩ បទបញ្ជា​លេខ​០៣​បប ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៣ ស្តី​ពី​ការរក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅតាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់​ឧស្សាហកម្ម វិធានការ​ការពា​រ​ទប់ស្កាត់​កូដកម្ម បាតុកម្ម និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ស្រប​តាម​នីតិវិធី​ច្បាប់ បទ​ប្បញ្ញត្តិ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។​

២-​បន្ត​រៀបចំ​នូវ​បណ្តា​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​ដាក់​ឱ្យ​ដំណើរ ការ​ការអនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​។​

៣-​ត្រូវ​បន្ត​អនុវត្ត​អនុសាសន៍​ទាំង ៩​ចំណុច ដោយ​តាមដាន​ការអនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា ១៧០​ដុល្លារ​អាមេរិក កម្មករនិយោជិត​ទទួល​ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​មិន​បង់ប្រាក់ កម្មការិនី​បានទទួល​ប្រាក់​ឈ្នួល ១២០​ភាគរយ និង​ឈប់សម្រាក​រយៈពេល​៣​ខែ ក្នុង​ពេល​សម្រាលកូន ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី​សម្រាលកូន កាតព្វកិច្ច​របស់​និយោជក​បង់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​១០០% ជំនួស​កម្មករនិយោជិត ការត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី នៅតាម​ផ្ទះ​ជួល និង​កំពុង​បន្ត​ជំរុញ​ការតភ្ជាប់​បណ្តាញ​អគ្គិសនី និង​ទឹក​ស្អាត​នៅតាម​តំបន់​ផ្ទះជួល​របស់​កម្មករ​និយោជិត ការដាក់​ឲ្យ​អនុវត្តរ​បប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍​ឆ្នាំ​២០១៩ និង​ការដោះស្រាយ​បើក​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​កម្មករ​និយោជិត ដែល​រោងចក្រ​បិទទ្វារ​។​

៤-​បន្ត​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងា​រលើ​ចំណុច​មួយចំនួន ដើម្បី​សម្រួល​នីតិវិធី​ក្នុង​ការបើក​ផ្តល់ ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​និយោជិត​។ ជំរុញ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រា​ក់​ឈ្នួល​អប្បបរមា ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​។​

៥-​បន្ត​អនុវត្ត​កម្មវិធី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​តាម​រូបមន្ត និង​យន្តការ​ត្រីភាគី​ដែល​គ្រប់ភាគី ទទួលយក​បាន​កន្លង​មក​ក្នុង​ការកំណត់​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។​

៦-​បន្ត​លើកទឹកចិត្ត​ដល់​មាតា​បិតា អាណាព្យាបាល កម្មករ​និយោជិត និង​យុវជន ដើម្បី​ទទួល​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​ជំនាញ ផលិតភាព​ការងារ និង​មាន​សមត្ថភាព​ប្រកួត ប្រជែង​។​

៧-​បន្ត​ពង្រឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​បាន​ផ្តល់​សច្ចាប័ន​។ បន្តស​ហកា​​រ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​គម្រោង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ផ្សេងទៀត​។​

​បន្ទាប់​មក​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​បំភ្លឺ​នូវ​សំណូមពរ​មួយ​ចំនួន​ដែល​សមាគម​និយោជក អង្គការ​សហជីព បាន​ស្នើ​អោយ​ក្រសួង​ជួយ​ដោះស្រាយ ហើយ​នៅសល់​ចំណុច​ផ្សេងៗ​ទៀត ក្រសួង​នឹង​ដោះស្រាយ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​នូវ​រាល់​ចំណុច​អស់ទាំងនោះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×