មួយរយៈចុងក្រោយនេះ បញ្ហាកង្វះទឹកប្រើប្រាស់ដ៏ធ្ងន់ធ្ងរ នៅក្នុងភូមិសាស្រ្តមួយចំនួន ពិសេសជាយក្រុងភ្នំពេញ ឃើញថាបានធ្វើឲ្យទាំងអ្នកភូមិ និងអ្នករស់នៅតាមបុរី នាំគ្នារអ៊ូរទាំគ្រប់ៗគ្នាតែម្តង ដោយសារគ្មានទឹកប្រើប្រាស់ ដែលពិតជាពិបាកវេទនាខ្លាំងណាស់ ព្រោះថាកន្លែងខ្លះមិនមែនដាច់ទឹកតែ ៤, ១០ ថ្ងៃ ឯណា គឺគិតមកទល់ពេលនេះចូលជាង២ ទៅ ៣ខែ ហើយ។
ពិតណាស់ ដោយសារតែដាច់ទឹកយូរថ្ងៃពេក ធ្វើឲ្យប្រជាពលរដ្ឋរស់តាមភូមិ និងតាមបុរី ត្រូវស្វះស្វែងរកប្រភពទឹកស្រះ ត្រពាំង នៅក្បែរៗតំបន់រស់នៅរបស់ខ្លួន និងមួយចំនួនធំទៀត ក៏ត្រូវបង្ខំចិត្តទិញទឹកឡាន ដែលបានបូមចេញពីក្នុងវត្ត ឬតាមស្រះរណ្តៅដី យកមកចែកចាយលក់ត្រូវប៉ាន់ខ្លាំងតែម្តង។
ទាក់ទងរឿងដាច់ទឹកប្រើប្រាស់ដ៏លំបាកវេទនានេះផងដែរ គេក៏បានឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Sreyneang Mak Yaya ជាអ្នករស់នៅក្នុងបុរី បានលើកឡើងបែបនេះថា៖ «អ្នកនៅពិភពថ្មីឈូកវ៉ាពីរមកទទួលអំណោយទាំងយប់ទាំងថ្ងៃ សប្បាយលាយវេទនា ម៉ូទ័រក៏មាន សាទែនទឹកក៏មាន តែទឹកវាអត់ចេញមួយតំណក់សោះហ្មងបុកអណ្ដូងមុខផ្ទះមួយលូវហើយ»។
គួរបញ្ជាក់ថា ចំពោះបញ្ហាដាច់ទឹកប្រើប្រាស់នេះ ក៏ត្រូវបានខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្ទើរជារៀងរាល់ថ្ងៃផងដែរ ដោយបានបញ្ជាក់ពីមូលហេតុដូចជា៖ ជួសជុលបំពង់ចែកចាយ, ប្រេះបែកធ្លាយទុយោ ឬកែសម្រួលបំពង់ចែកចាយ ដើម្បីពង្រីកផ្លូវ ជាដើម ឬដោយមូលហេតុបណ្តាលមកពីផលប៉ះពាល់ផ្សេងៗទៀត។ តែទោះយ៉ាងណា ដោយសារនៅកន្លែងខ្លះ ហាក់នៅរ៉ាំរ៉ៃយូរខែពេក ធ្វើឲ្យប្រជាពលរដ្ឋកើតការងឿងឆ្ងល់ខ្លាំងតែម្តង ដោយមិនដឹងថានៅពេលណាបានទឹកប្រើប្រាស់ស្រួលវិញនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








