ខេត្តកំពត៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ មានភ្ញៀវទេសចរជាច្រើន បានកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារ បឹងហ្គាឡូ ផ្ទះលំហែ និងរីស៊តនៅខេត្តកំពត ដោយភ្ញៀវបានកក់តែបន្ទប់ នៅតាមតំបន់មាត់ឆ្នេរ និងមាត់ព្រែកនៃខេត្តកំពត។
ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តកំពត បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំនេះ ការកក់បន្ទប់ស្នាក់នៅភ្ញៀវមានច្រើនកន្លែងខ្លះបាន ៩០% និងកន្លែងខ្លះទៀតបានជាង ៦០% ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ការកក់បន្ទប់ទើបតែបានក្នុងរង្វង់ជាង ១០ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឱ្យកក់សម្គាល់ ការកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥មានច្រើន ខ្ពស់ជាងកាលពីពេលបុណ្យឆ្លងឆ្នាំ។
លោក បានបន្តថា ជាមួយគ្នានេះ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត នៅតែបន្តចុះណែនាំអប់រំនៅតាមរមណីយដ្ឋាន និងកន្លែងផ្តល់សេវាទេសចរណ៍នានា ឱ្យអនុវត្តតាមវិធាន SOP ឱ្យបានល្អ រក្សាអនាម័យ ពិសេសត្រូវអនុវត្តវិធាន បីកុំ បីការពារ ជាប្រចាំដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។
ម្ចាស់រមណីយដ្ឋានដូង នៅខេត្តកំពត បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំនេះរមណីយដ្ឋានដូងទេ បានទទួលការកក់បន្ទប់៩០% ហើយនៅក្នុងឱកាសដ៏ពិសេសនេះ រមណីយដ្ឋាននឹងរៀបចំប្រគុំតន្ត្រីនៅលើទូកទេសចរណ៍ ដើម្បីឱ្យភ្ញៀវរាំលេងកម្សាន្តនៅលើឆ្នេរខ្សាច់ និងមានកម្មវិធីចាប់អាំងប៉ាវជូនភ្ញៀវដែលមកស្នាក់នៅ និងកម្សាន្តនៅរមណីយដ្ឋានដូងទេផងដែរ។
គួរបញ្ជាក់ថា ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិននេះ ម្ចាស់ រីស៊ត មួយចំនួននៅក្រុងកំពត ក៏បានបង្កើតកម្មវិធីប្រូមូសិនពិសេស ដោយការបញ្ចុះតម្លៃបន្ទប់នៅ ៣០% ដល់ភ្ញៀវទេសចរ និងមានផ្តល់សេវាជិះកាយយ៉ាកកម្សាន្តតាមដងព្រែកដោយឥតគិតថ្លៃ៕