ក្នុងខួបលើកទីមួយនៃការដណ្តើមអំណាចដោយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយថា ខ្លួនមានការខកចិត្តចំពោះកង្វះវឌ្ឍនភាពក្នុងការអនុវត្តនូវកុងសង់ស៊ីស (ចំណុចឯកភាពរួម) ៥ចំណុច របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ទៅលើប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេសសិង្ហបុរី បានបន្ថែមនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ (កុម្ភៈ 1) ដោយកត់សម្គាល់ថា៖« សិង្ហបុរីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា» ដោយកត់សម្គាល់ថាលក្ខខណ្ឌសម្រាប់ប្រជាជននៅទីនោះបន្តកាន់តែយ៉ាប់យ៉ឺន។
សិង្ហបុរី បានជំរុញអាជ្ញាធរយោធាមីយ៉ាន់ម៉ា«អនុវត្តឱ្យបានឆាប់និងពេញលេញនូវចំណុចឯកភាពរួមគ្នាទាំង៥ចំណុច» និងជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសអាស៊ាននៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។ ការឯកភាពប្រាំចំណុចរបស់អាស៊ានត្រូវបានអនុម័តកាលពីថ្ងៃទី 24 ខែមេសាឆ្នាំមុន នៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្សាកាតារវាងមេដឹកនាំអាស៊ាននិងមេទ័ពមីយ៉ាន់ម៉ា Min Aung Hlaing ។
MFA បាននិយាយថា “សិង្ហបុរីក៏អំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ រួមទាំងលោក U Win Myint អ្នកស្រី អង់សាន សូជី (Daw Aung San Suu Kyi) និងអ្នកជាប់ឃុំនៅបរទេស និងសម្រាប់អាជ្ញាធរយោធាមីយ៉ាន់ម៉ា ជៀសវាងសកម្មភាពដែលមិនសមរម្យដល់ការផ្សះផ្សាជាតិជាយថាហេតុនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រសួងបានបន្ថែមថា៖ «ប្រទេសសិង្ហបុរីនៅតែប្ដេជ្ញាក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្រាលស្ថានការណ៍មនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា»៕ ប្រភព៖ CNA