ឧបការីទេសាភិបាលនៃធនាគារកណ្តាលថៃបាននិយាយកាលពីថ្ងៃអង្គារថា ធនាគារកណ្តាលរបស់ប្រទេសថៃគ្រោងនឹងអនុញ្ញាតឱ្យធនាគារវិនិយោគច្រើនជាង៣ភាគរយនៃមូលនិធិដើមទុនដែលកំណត់នាពេលបច្ចុប្បន្ន ទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) លើកលែងតែនៅក្នុងទ្រព្យសកម្មឌីជីថល។ លោកស្រី Roong Mallikamas បានថ្លែងនៅសន្និសីទសារព័ត៌មានមួយថា ធនាគារកណ្តាលក៏រំពឹងថានឹងចេញច្បាប់ស្តីពីធនាគារនិម្មិតនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
លោកស្រីបាននិយាយថា ការណែនាំដល់គ្រឹះស្ថានផ្តល់ប្រាក់កម្ចីនេះ រំពឹងថានឹងបង្កើនការប្រគួតប្រជែងនៅក្នុងប្រព័ន្ធធនាគារ ខណៈគ្រឹះស្ថានធនាគារដែលកំពុងដំណើរការនឹងអនុញ្ញាតឲ្យអនុវត្តផងដែរ។ លោកស្រីបានបន្តថា៖ «ការប្រកួតប្រជែងនឹងជំរុញការផ្លាស់ប្តូរដើម្បីធ្វើឱ្យវាកាន់តែប្រសើរសម្រាប់សាធារណជន និងអាជីវកម្ម»។
ធនាគារកណ្តាលថៃថ្មីៗនេះបាននិយាយថាខ្លួននឹងដាក់បញ្ញត្តិទៅលើការប្រើប្រាស់ទ្រព្យសកម្មឌីជីថលជាការទូទាត់ដោយសារតែហានិភ័យ។ ធនាគារកណ្តាលកាលពីថ្ងៃអង្គារ បានចេញផ្សាយការពិគ្រោះយោបល់ស្តីពីវិស័យហិរញ្ញវត្ថុរបស់ប្រទេស និងសេដ្ឋកិច្ចឌីជីថល ហើយនឹងទទួលមតិសាធារណៈរហូតដល់ថ្ងៃទី 28 ខែកុម្ភៈ។
លោក Sethaput Suthiwartnaruput ទេសាភិបាល BoT បានប្រាប់សន្និសីទថា “នវានុវត្តន៍គឺល្អ… ប៉ុន្តែមិនមែនរាល់ការច្នៃប្រឌិតទាំងអស់សុទ្ធតែមានប្រយោជន៍ និងល្អនោះទេ ហើយវាត្រូវការការគ្រប់គ្រងហានិភ័យ” ៕ ប្រភព៖បាងកក់ប៉ុស្តិ៍