ភ្នំពេញ ៖ តាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNDP គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យកម្ពុជាខាតបង់ថវិកាកើនឡើងជាបន្តបន្ទាប់ ពោលគឺប្រមាណពី ៤២០ លានដុល្លារដល់ ៤៥០ លានដុល្លារក្នុង ១ ឆ្នាំ។ នេះជាការខាតបង់ដ៏ធំធេងមួយ។

នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ដែលប្រើប្រាស់ទោចក្រយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី ០២ កុម្ភៈនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNDP គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យកម្ពុជាខាតបង់ថវិកាកើនឡើងជាបន្តបន្ទាប់ ពោលគឺប្រមាណពី ៤២០ លានដុល្លារដល់ ៤៥០ លានដុល្លារក្នុង ១ ឆ្នាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តទៀតថា ថវិកាទាំងនោះ ត្រូវបានចំណាយលើការស្លា.ប់ ចំណាយលើមន្ទីរពេទ្យ និងការខូតខាតទ្រព្យសម្បត្តិឯកជនសាធារណៈរបស់រដ្ឋផ្សេងៗជាដើម។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្ននេះ ជាមធ្យមអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុង ១ ថ្ងៃមានប្រមាណ៥នាក់។ ប៉ុន្តែបន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញ ដោយសារស្ថានភាពជំងឺកូវីដបានធូរស្រាលចំនួនអ្នកស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងដល់ ៦ នាក់លើសជាងការស្លា.ប់ដោយសារជំងឺកូវីដ១៩ទៅទៀត ដែលរយៈពេល ២៨ ថ្ងៃនេះ មិនមានអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកប្រើប្រើផ្លូវទាំងអស់ ទាំងអ្នកបើកបរម៉ូតូ និងរថយន្តត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យល់ពីច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ចំណែកក្រុមហ៊ុនដឹកជញ្ជូនត្រូវមានកម្មវិធីបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនពីច្បាប់ចរាចរណ៍ ឱ្យបានទូលំទូលាយកុំពឹងផ្អែកតែទៅលើគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅជួយផ្សព្វផ្សាយត្ រូវជួយផ្សព្វផ្សាយទាំងអស់គ្នា មិនត្រូវបើកបរលើសល្បឿនកំណត់ និងកុំប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយការស្លា.ប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះដែរ ក្រសួងបានចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ បានប្រមាណ ៨០ ម៉ឺនមួក និងបានផ្សព្វផ្សាយពីច្បាប់គ្រោះថ្នាក់ចរាចរណ៍ដល់ពួកគាត់បានយល់ដឹង និងចែកចំណាំងផ្លាតដល់អ្នកបើកបរម៉ូតូ អ្នកដឹករ៉ឺម៉ក បើកបរគោយន្តសម្រាប់មើលពេលយប់បានប្រមាណ ៣ លាន ៤ សែន៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា



