យោងតាម China Times ប្រហែល៦ខែកន្លងទៅ រង្វង់ក្រហមនៃសាច់ឡើងរីកប៉ោមព័ទ្ធជុំវិញដៃរបស់ក្មេងស្រីជនជាតិចិនម្នាក់ ដែលជាហេតុធ្វើឲ្យយាយរបស់នាងនាំយកនាងទៅកាន់មន្ទីរពេទ្យ ។ គ្រូពេទ្យបានគិតថា វាជាប្រតិកម្មស្បែកអាលែកហ្ស៊ី និងត្រូវបានធ្វើរោគវិនិច្ឆ័យថាវាជាបែបនោះ ប៉ុន្តែ ស្ថានភាពសុខភាពរបស់នាងបន្តធ្លាក់ចុះ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីឈ្មោះ Le Le រស់នៅជាមួយជីដូនរបស់នាង ខណៈឪពុកម្តាយរបស់នាងធ្វើការនៅឆ្ងាយ ។ នៅពេលឪពុកម្តាយរបស់នាងវិលត្រឡប់មកវិញ ក្នុងអំឡុងចូលឆ្នាំថ្មី ពួកគេបានកត់សម្គាល់ថា នាងកំពុងមានការឈឺចាប់ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ចលនានៃដៃរបស់នាង ។
ដោយមានការព្រួយបារម្ភ ឪពុកម្តាយរបស់នាងក៏បាននាំយកនាងទៅ ជួបគ្រូពេទ្យដទៃ ប៉ុន្តែ ពួកគេពុំអាចកំណត់ពីមូលហេតុនៃការឈឺចាប់ និងហើមនេះបានទេ រហូតពួកគេសម្រេចចិត្តនាំនាងទៅកាន់មន្ទីរពេទ្យកុមារ នៅ Zhejiag ។ នាងត្រូវបានថតកាំរស្មីអ៊ិច ហើយគ្រូពេទ្យបានដឹងថា «រង្វង់សាច់ប៉ោង» ជុំវិញវិញដៃរបស់នាង ត្រូវបានបង្កឡើងដោយវត្ថុអ្វីផ្សេងមួយ ។
ភាពជាក់ស្តែងបានបង្ហាញថា វាពិតជាកៅស៊ូធម្មតាមួយ ប៉ុន្តែ វាត្រូវបានបង្កប់ចូលជ្រៅទៅក្នុងសាច់ ដែលទាល់តែធ្វើការវះកាត់ទើប ទើបដកហូតចេញបាន ។ ពិតមែនហើយ កៅស៊ូជ័រធម្មតាទាំងនោះ ប្រហែលក្មេងស្រីនេះទិញមកលេងច្រើននៅក្នុងផ្ទះ! ប៉ុន្តែ សំណាងល្អ ដែលការឈឺចុកចាប់នៅលើដៃរបស់ Le Le បានកាត់បន្ថយ បន្ទាប់ពីគ្រូពេទ្យបានវះកាត់យកវាចេញដោយជោគជ័យ ។
វេជ្ជបណ្ឌិត Ye Wensong ម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតកំពូលៗនៅក្នុងមន្ទីរពេទ្យខាលើ បាននិយាយថា នេះជាករណីដ៏កម្រ ហើយក្នុងរយៈពេល ២០ ឆ្នាំ ធ្វើជាគ្រូពេទ្យ នេះជាលើកទី២ហើយ ដែលគាត់បានបញ្ហាបែបនេះ ។ ទោះយ៉ាងណា មានករណីដទៃទៀត ដែលកូនក្មេងតូចៗរងរបួស ដោយសារខ្សែ ឬក៏អំបោះ ដែលពួកគេពាក់នៅជុំវិញដៃ ឬ ជើង របស់ពួកគេ ។
គាត់បានណែនាំឪពុកម្តាយទាំងឡាយ តាមដានឃ្លាំមើលកូនៗរបស់ពួកគេឲ្យបានដិតដល់ និងរារាំងពួកគេពាក់ខ្សែដៃស្តើងៗ ឬ វត្ថុស្រដៀងៗគ្នានេះ ៕ ចន្ទី