Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករខ្មែរ ប្រកាន់យកវិធីដ៏ប៉ិនប្រសប់ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ

spot_img

អង្គការអនាគតរបស់យើង (OF) បានចាប់ផ្តើមកម្មវិធីមួយ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នៅក្នុងខេត្តព្រះវិហារ នៅប្រទេសកម្ពុជា តាមរយៈការចែកចាយកូនស្វាយចន្ទីជាង 60,000 ដល់ប្រជាកសិករ។

កម្មវិធីនេះ ព្យាយាមបង្ហាញដល់កសិករ និងអ្នកភូមិនូវវិធីផ្សេងៗគ្នា និងជួយពួកគេការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។ អ្នកការពារព្រៃឈើបាននិយាយថា កម្មវិធីនេះ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ ព្រោះវានឹងរារាំងការកាប់បំផ្លាញព្រៃឈើ។

លោក​បញ្ជាក់ថា​ បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ ​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ រឹតបណ្តឹងច្បាប់ និង​បង្កើន​ប្រាក់​ចំណូល​ដល់កសិករ។ ទោះជាយ៉ាងណាក្តី នាយកអង្គការ​ OFO នៅតែបង្ហាញក្តីបារម្ភថា ទោះបីជាមានការប្រឹងប្រែង ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក៏ដោយ ក៏នៅមានមនុស្សមួយចំនួន នៅតែងាកទៅរកការកាប់ដើមឈើដោយបំពានច្បាប់។

លោក បេន ដាវីស អ្នកការពារព្រៃឈើខេត្តព្រះវិហារ បាននិយាយថា​​ “បច្ចុប្បន្នយើងមានកម្មវិធី៣សម្រាប់ការកាត់បន្ថយការរុករានព្រៃរបស់ប្រជាជនក្នុងតំបន់នេះ។កម្មវិធីទាំងបីនេះសំខាន់ណាស់ ប្រសិនអត់មួយណាក៏មិនអាចទទួលបានប្រសិទ្ធិភាពដែរ។”

លោក បេន ដាវីស បានមានប្រសាសន៍ថា “ទីមួយគឺផ្តល់ការអប់រំ ដើម្បីឱ្យពួកគេយល់ដឹងពីសារៈប្រយោជន៍ព្រៃឈើ។ ទីពីរគឺ កម្មវិធីអនុវត្តន៍ច្បាប់អោយមានប្រសិទ្ធិភាព។ ទីបីគឺជួយឱ្យប្រជាជនមានចំណូលបន្ថែមតាមរយៈការប្រកបរបរផ្សេងៗ ដោយមិនកាប់បំផ្លាញព្រៃឈើ។”

លោកបានបន្តថា “យើងបានជួយឧបត្ថម្ភ កូនដើមស្វាយចន្ទីដល់ប្រជាជនព្រោះខ្ញុំយល់ថា ប្រសិនជាយើងមានដើមឈើច្រើនអាចនឹងល្អសម្រាប់បរិស្ថាន អាចជួយដល់ការបម្រែបម្រួលអាកាសធាតុ។ ទាំងឆ្នាំមុននិងឆ្នាំនេះយើងបានឧបត្ថម្ភកូនស្វាយចន្ទីចំនួន ៦០ ០០០ដល់ប្រជាជនក្នុងសហគមន៍ ដែលមាន៤ភូមិសម្រាប់ឆ្នាំមុន និង ៧ភូមិសម្រាប់ឆ្នាំនេះ។”

លោកស្រី Sharyn Davis នាយិកាអង្គការអនាគតរបស់យើង បានមានប្រសាសន៍ថា “យើងឃើញមានចម្ការស្វាយចន្ទីច្រើននៅទីនេះ ដូច្នេះយើងក៏ឧបត្ថម្ភកូនស្វាយចន្ទីអោយពួកគាត់។ ប្រិសនជាយើងឧបត្ថម្ភអ្វីផ្សេង យើងត្រូវចំណាយពេលច្រើនដើម្បីបង្រៀនពួកគេ ហើយត្រូវរកទីផ្សារអោយពួកគេថែមទៀត។ ស្វាយចន្ទីមានទីផ្សាររួចហើយនៅទីនេះ ចឹងទើបយើងបន្តធ្វើវា។”

លោកស្រី Sharyn Davis​ បានបន្តថា “សម្រាប់ប្រជាជនដែលរស់នៅទីនេះ ហើយជិតតំបន់ការពារ នៅពេលដែលពួកគេរវល់ច្រើនទៅលើការមើលថែចម្ការស្វាយចន្ទីរបស់ពួកគេ នោះពួកគេនឹងមិនទៅកាប់បំផ្លាញព្រៃដែលយើងការពារនោះទេ។”

អ្នកស្រី យ៉ាត វ៉ាន់ ម្ចាស់ចម្ការស្វាយចន្ទី បាននិយាយថា “ខ្ញុំកំពុងមានបញ្ហាថវិការ តែពេលដែលខាងអង្គការឧបត្ថម្ភកូនស្វាយចន្ទី ខ្ញុំក៏បានធូរបន្តិចទុកលុយដែលមានសម្រាប់ធ្វើអ្វីផ្សេងៗទៀត។ ខ្ញុំធ្វើចម្ការស្វាយចន្ទីនេះគឺធ្វើតាមធម្មជាតិ ព្រោះគ្មានលុយទៅ ទិញជីសម្រាប់ថែទាំនោះទេ។”
លោក អ៊ិន ប៊ុន កសិករនៅភូមិតាបុស ខេត្តព្រះវិហារ បាននិយាយថា “តាមរយៈកម្មវិធីនេះ គាត់ចង់កាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់នេះ ទីពីរគាត់ចង់កាត់បន្ថយការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែលគាត់ហាមឃាត់។ គាត់បានបង្កើតការងារឱ្យកសិករមានការងារធ្វើ ដូចជាការឧបត្ថម្ភពូជស្វាយចន្ទីជាដើម ដូច្នេះពេលដែលកសិកររវល់ជាមួយការធ្វើចម្ការ ពួកគាត់ក៏ភ្លេចពីការកាប់បំផ្លាញព្រៃឈើ។”

ដោយឡែក អ្នកស្រី យ៉ាត វ៉ាន់ ក៏បានបន្តទៀតថា “គាត់អោយធ្វើចម្ការចន្ទីតែក្នុងតំបន់ដែលក្រៅពីតំបន់ការពារតែប៉ុណ្ណោះ។ ក្រោយពីទទួលបានកូនស្វាយចន្ទីមក កសិករមានការរវល់ច្រើនក្នុងការដាំដុះ ដូច្នេះការកាប់បំផ្លាញព្រៃឈើក៏មានការថយចុះច្រើន។ ពីមុនមកខ្ញុំក៏ជាអ្នកកាប់បំផ្លាញព្រៃឈើផងដែរ តែបច្ចុប្បន្នគឺខ្ញុំបានឈប់ហើយ ព្រោះខ្ញុំរវល់ច្រើនជាមួយចម្ការរបស់ខ្ញុំ។”

លោក ថោង ជា កសិករនៅភូមិតាបុសខេត្តព្រះវិហារមួយរូបទៀត បានលើកឡើងដែរថា “បន្ទាប់ពីដាំដុះបានមួយឆ្នាំទើបតែបានលូតលាស់បានប៉ុណ្ណេះ វាមិនទាន់អាចប្រមូលផលនោះទេ គ្រាន់តែវាបង្ហាញថាយើងទទួលបានជោគជ័យខ្លះៗហើយ។ ចឹងខ្ញុំត្រូវថែទាំចម្ការស្វាយចន្ទីនេះ ក្នុងរយៈពេល៤ឆ្នាំទៀត នោះខ្ញុំអាចប្រមូលផលបានហើយ”៕ ប្រភព៖ A24
spot_img
×