Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បដិសេធយ៉ាងដាច់អហង្ការ , «ច្រកទ្វារអ៉ីនធើណិតជាតិ គោរពតាមគោលការណ៍ច្បាប់ ភាពចាំបាច់ និងសមាមាត្រ»

spot_img

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍ ដែលមើលឃើញតែមួយជ្រុង ធ្វើនយោបាយូបនីកម្ម បែបស្រមើស្រមៃ និងបង្កការភាន់ច្រឡំ របស់អ្នករាយការណ៍ពិសេស៣រូប ដែលពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹង «ច្រកទ្វារអ៉ីនធើណិត ជាតិ» នៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានលើកឡើងថា ការបង្កើត «ច្រកទ្វារអ៉ីនធើណិតជាតិ» គឺជាការគោរពតាមគោលការណ៍ច្បាប់ សមាមាត្រ និងភាពចាំបាច់ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវឌីជីថលូបនីកម្មដ៏រស់រវើករបស់កម្ពុជា ដែលជាកម្លាំងចលករជំរុញកំណើន និងការអភិវឌ្ឍ។

ពាក់ព័ន្ធនឹងករណីនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបញ្ជាក់ដូចតទៅ៖

១) «ច្រកទ្វារអ៉ីនធើណិតជាតិ» នេះពុំមែនមិនធ្លាប់មានក្នុងពិភពលោកនេះឡើយ។ ឧបករណ៍ដ៏សំខាន់នេះត្រូវបានអនុម័ត សម្រាប់គោលដៅស្របច្បាប់ ដើម្បីជួយសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៉ីនធើណិត ពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ និងជួយរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ។ ការបង្កើត «ច្រកទ្វារអ៉ីនធើណិតជាតិ» នេះ គឺអនុលោមតាមមាត្រា១៩ (កថាខណ្ឌទី៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋ និងនយោបាយ ដែលចែងអំពីការរឹតបន្តឹងមួយចំនួនដែលច្បាប់អាចអនុវត្តបាន ប្រសិនបើចាំបាច់ «សម្រាប់ការគោរពសិទ្ធិ ឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ និងដើម្បីការពារសន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ ឬសុខភាពសាធារណៈ ឬសីលធម៌» ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធើណិតជាតិ» ត្រូវបានតាក់តែងឡើងដោយឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយនិងបើកចំហរ ជាមួយអ្នកជំនាញទូរគមនាគមន៍ ប្រតិបត្តិករ និងស្ថាប័នពាក់ព័ន្ធនានា។

២) ជោគជ័យនៃឌីជីថលូបនីកម្ម និងការអភិវឌ្ឍរបស់កម្ពុជា គឺពឹងផ្អែកលើនិយ័តកម្មធុរកិច្ចក្នុងគោលដៅទប់ស្កាត់ អាជីវកម្មទាំងនោះពីការប្រព្រឹត្តខុសច្បាប់ និងផ្ទុយពីក្រមសីលធម៌។ «ច្រកទ្វារអ៉ីនធើណិតជាតិ»គឺជាមធ្យោបាយ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ ព្រមទាំង តម្លាភាព និង ចូលរួមទប់ស្កាត់ការតភ្ជាប់បណ្ដាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសង រូបភាពនិងវីដេអូ អាសអាភាស និងការរំលាភបំពានកុមារ តាមអ៉ីនធើណិត ព្រមទាំងការគម្រាមកំហែងតាមប្រព័ន្ធអ៉ីនធើណិតផ្សេងៗ។

៣) រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាការពារឯកជនភាព និងសេរីភាពក្នុងការបញ្ចញមតិ។ គ្មានកថាខណ្ឌណាមួយក្នុងអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធើណិតជាតិ» អនុញ្ញាតឱ្យមានការប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬការឃ្លាំមើលលើបុគ្គលឡើយ។ ការតភ្ជាប់ ឬប្រតិបត្តិការបច្ចេកទេសទាំងអស់ត្រូវបានធ្វើឡើងដោយមានការធានាសន្តិសុខ និងរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាព ស្របទៅតាមបទដ្ឋានអន្តរជាតិ។ ដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គល ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គលនឹងត្រូវបានតាក់តែងឡើង និងឆ្លងកាត់ការពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន។

ជាចុងបញ្ចប់ វិធានការដែលនឹងត្រូវអនុវត្តគឺមានភាពចាំបាច់ និងសមាមាត្រ នៅក្នុងទិសដៅស្របច្បាប់។ ដោយជំនួសឱ្យការចោទប្រកាន់គ្មានមូលដ្ឋាន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ស្ថានបេសកកម្មកម្ពុជា ស្នើយ៉ាងទទូចឱ្យអ្នករាយការណ៍ពិសេសបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់សិទ្ធិមនុស្ស ដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ ហើយដែលអ្នកជំនាញអស់ទាំងនោះបែរជាសម្ងំនៅស្ងៀមស្ងាត់គួរឱ្យភ្ញាក់ផ្អើល សម្រាប់ហេតុផលមួយចំនួន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×