ស្ត្រីម្នាក់ត្រូវបានគេរកឃើញបានវាយបំបាក់ម្រាមដៃខ្លួនឯងដ៏ហួសចិត្តដើម្បីបន្លំសម្រាប់ទាមទារលុយធានារ៉ាប់រង។ ស្ត្រីរូបនេះដែលមានឈ្មោះ នូ សារ៉ា អាយុ ៣៩ ឆ្នាំ មកពីខេត្តសុងក្លា ត្រូវបានកម្លាំងផ្នែកប្រឆាំងបទល្មើសថៃ ធ្វើការឃាត់ខ្លួន ដោយធ្វើតាមដីកាចាប់ខ្លួនដែលចេញដោយតុលាការព្រហ្មទណ្ឌចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា សំណុំរឿងនេះ គឺពាក់ព័ន្ធនឹងក្រុមដែលទទួលខុសត្រូវ ចំពោះករណីក្លែងបន្លំធានារ៉ាប់រងជាច្រើន។ ក្រុមនេះនឹងបង្កើតឧប្បត្តិហេតុក្លែងក្លាយ ដើម្បីជួយអតិថិជនរបស់ពួកគេទាមទារប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រង។ នៅពេលដែលនរណាម្នាក់ចាប់អារម្មណ៍ ប្រើប្រាស់សេវាកម្មរបស់ពួកគេៗ នឹងចុះបញ្ជីឈ្មោះអតិថិជនចូលទៅក្នុងផ្ទះរបស់ពួកគេតែម្តង។ បនា្ទប់មក ក្រុមនេះនឹងបង្កើតរឿង ដែលនាំវាឲ្យប៉ះពាល់ជីវិត។ ហើយក្នុងនោះរួមបញ្ចូលទាំងការបង្កើតគណនីធនាគារថ្មី និងកាតអេធីអឹម ផងដែរ។ បន្ទាប់មក ករណីនោះនឹងត្រូវបានប្រើជាផ្នែកនៃព័ត៌មាន ដើម្បីទិញធានារ៉ាប់រង។
ពួកគេបានទិញធានារ៉ាប់រងពីក្រុមហ៊ុនចំនួន ១៦ ហើយ ១-២ ខែក្រោយមក ធ្វើតាមផែនការសកម្មភាពរបស់ពួកគេ ដើម្បីទទួលបានការធានារ៉ាប់រង។ ស្ថានភាពក្លែងក្លាយមួយចំនួនដែលពួកគេបានធ្វើ រួមមាន៖ គ្រោះថ្នាក់រថយន្តក្លែងក្លាយ ឬករណីជនរងគ្រោះឆេះក្លែងក្លាយ ជាដើម។ បន្ទាប់មក ភស្តុតាងនឹងត្រូវដាក់ទៅក្រុមហ៊ុនធានារ៉ាប់រងទាមទារប្រាក់។ មានការខូចខាតយ៉ាងហោចណាស់ ១៤ លានបាត ដែលបណ្តាលមកពីក្រុមនេះ។ តែទោះយ៉ាងណា ក្រោយធ្វើការស្រាវជ្រាវ កម្លាំងផ្នែកប្រឆាំងបទល្មើសបានប្រមូលវត្ថុតាងដាក់ទៅតុលាការដើម្បីតាមចាប់ខ្លួន។ មនុស្ស ១៦ នាក់ មកពី៣ក្រុមផ្សេងគ្នា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។
ជនសង្ស័យនាង នូ សារ៉ា បានសារភាពថា ខ្លួនត្រូវបានលោក ស៊ូម៉ុនរ៉ាត់ (ដែលត្រូវបានចាប់ខ្លួន) ជាមេអញ្ជើញឲ្យចូលក្រុម។ អ្នកដឹកនាំរូបនេះបានអញ្ជើញខ្លួនឱ្យទិញធានារ៉ាប់រង ហើយពួកគេបានរួមគ្នាបង្កើតផែនការមួយគឺប្រើក្រដាសខាត់ឆ្កូតស្បែកដើម្បីឲ្យលេចចេញស្នាមរបួសថាបណ្តាលមកពីធ្លាក់ពីលើម៉ូតូនៅតាមផ្លូវ។ បន្ទាប់មកទៀត ស្រ្តីរូបនេះបានវាយបំបាក់ម្រាមដៃខ្លួនឯងដោយប្រើអង្រែត្បាល់បុក ដើម្បីបង្ករបួស។ ជនសង្ស័យបានទៅមន្ទីរពេទ្យ ហើយបានប្រើប្រាស់ភស្តុតាងនេះ ក្នុងការទាមទារធានារ៉ាប់រងរបស់នាង។ នាងនឹងទទួលបានប្រាក់ ៦០,០០០ បាត ជាការទូទាត់ពីក្រុម រាល់ពេលដែលនាងមានបំណងបង្កើតរងរបួសដោយខ្លួនឯង។ បច្ចុប្បន្ន ប៉ូលីសកំពុងបន្តការស៊ើបអង្កេត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

