ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដែលមានការគិតគូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។
នៅក្នុងកិច្ចពិភាក្សាជាមួយ គណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលដឹកនាំដោយ លោកស្រីនាយិកា Alissar Chaker ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការរៀបចំនេះ នឹងមានគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និង UNDP ដើម្បីដំឡើងស្ថានីយសាកថ្មរថយន្តដើរដោយថាមពលអគ្គិសនី (EVs) គម្រោងសហការជាមួយអគ្គនាយកដ្ឋានគយ និងពន្ធដារដើម្បីរៀបចំជាផែនការសម្រាប់ការនាំចូលរថយន្តចាស់ៗ ដែលមានអាយុ១០ឆ្នាំ និងគម្រោងជួបពិភាក្សា ជាមួយ នឹងស្ថានីយ៍ប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EVs ដែលក្នុងនោះរួមមាន៖ ស្ថានីយសាំងតូតាល់ កាល់តិច សូគីមិច និងតេលាជាដើម។
គណៈប្រតិភូ UNDP ដែលដឹកនាំដោយ លោកស្រីនាយិកា Alissar Chaker បានលើកឡើងអំពីនិន្នាការពិភពលោក ឆ្ពោះទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកាសធាតុ គម្រោងកំពុងអនុវត្តទាក់ទងនឹងការដឹកជញ្ជូនប្រកបដោយចីរភាពដែលជាផ្នែកមួយនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្នុងការធានាបាននូវការរស់នៅប្រកបដោយបរិស្ថានល្អ និងបានស្នើយោបល់ឱ្យក្រសួងសហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជា វិស័យឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រថយន្តដើរដោយថាមពលអគ្គិសនី និងជំរុញឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើបញ្ហានេះ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយសេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda និង NHAM24 ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយ ថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគម្រោង ផែនការ និងគោលនយោបាយដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាពនៅកម្ពុជា៕