Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរបញ្ចកោណ ដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម នៅអឺរ៉ុបខាងកើត

រដ្ឋធានីវ៉ាស៊ីនតោន ៖ ថ្វីបើរុស្ស៊ីជំទាស់នឹងសហរដ្ឋអាមេរិកសម្រេចចិត្តដាក់ពង្រាយកងទ័ព នៅតំបន់អឺរ៉ុបក្ដី ក៏មន្ទីរបញ្ចកោណ កំពុងតែបញ្ជូនកងទ័ពបន្ថែមទៀត ទៅដាក់ពង្រាយ នៅក្នុងអឺរ៉ុប ខាងកើត ដើម្បីធានាអំពីសន្ដិសុខដ៏រឹងមាំដល់សមាជិករបស់អង្គការណាតូ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ថា ស្ស៊ីបានថ្កោលទោស ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងការបញ្ជូនទាហានបន្ថែម ទៅកាន់តំបន់អឺរ៉ុប ដើម្បីជួយគាំទ្រដល់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន ចំពេលមានការភ័យខ្លាច ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន កំពុងតែបន្ដកើតឡើង។

ក្រុងមូស្គូ បានបញ្ជាក់ថា សកម្មភាពដាក់ពង្រាយកងទ័ពរបស់ក្រុងវ៉ាស៊ីនតោន ជាការបោះជំហានទៅរកគ្រោះមហន្ដរាយ ហើយវានឹងបង្កើននូវភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែមទៀត។

ដោយឡែក មន្ត្រីជាន់ខ្ពស់ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងតែបញ្ជូនកងទ័ព ចំនួន២ ០០០នាក់ បន្ថែមទៀត ទៅដាក់ពង្រាយ នៅក្នុងទ្វីបអឺរ៉ុប។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏នឹងបញ្ជូនទាហាន ១ ០០០ នាក់ផ្សេងទៀត ចេញពីប្រទេសអាល្លឺម៉ង់ ទៅបោះមូលដ្ឋានយោធា នៅក្នុងប្រទេសរ៉ូម៉ានី ដើម្បីធានា ពី«ការការពារដ៏រឹងមាំ» សម្រាប់សមាជិករបស់អង្គការណាតូ នៅតំបន់អឺរ៉ុប។

លោក John Kirby អ្នកនាំពាក្យ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២ ថា សហរដ្ឋអាមរិកនឹងដាក់ពង្រាយកងទ័ព នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កងទ័ពទាំងនេះ នឹងបន្ថែមទៅលើចំនួនកងទ័ពចំនួន ៨ ៥០០នាក់ ដែលមន្ទីរបញ្ចកោណ បានដាក់ឲ្យការប្រុងប្រយ័ត្នខ្ពស់ កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក ដដែល បានសង្កត់ធ្ងន់ថា ទាហានរបស់សហរដ្ឋអាមេរិក នឹងមិនបញ្ជូនទៅដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែនោះទេ ព្រោះប្រទេសមួយនេះ មិនមែនជាសមាជិករបស់អង្គការណាតូ។ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក ចង់ប្រាប់ពិភពលោក ថា យើងត្រៀមខ្លួនជាស្រេច សម្រាប់ធានាដល់ប្រទេសជាសមាជិកអង្គការណាតូរបស់យើង។ យើងត្រូវតែរារាំង និង ការពារ ប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។

ជាមួយគ្នានេះដែរ សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ កាលពីថ្ងៃទី២ ខែកុម្ភៈ ថា ទាហានរបស់សហរដ្ឋអាមេរិក ចំនួន ១ ៧០០នាក់ ក៏នឹងត្រូវបញ្ជូន ចេញពី មូលដ្ឋានយោធា នៅ Fort Bragg ស្ថិតក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក ដើម្បីទៅដាក់ពង្រាយ នៅក្នុងប្រទេសប៉ូឡូញ។ ស្របគ្នានេះដែរ កងទ័ពចំនួន៣០០នាក់ផ្សេងទៀត ក៏នឹងត្រូវបញ្ជូនចេញ ពីមូលដ្ឋានកងទ័ពរបស់សហរដ្ឋអាមេរិក នៅអាល្លឺម៉ង់ បន្ថែមទៀតដែរ។

រុស្ស៊ី បានបញ្ជូនកងទ័ព ប្រហែល ជាង ១០០ ០០០នាក់ ប្រដាប់ដោយគ្រឿងសឹកទំនើបៗ ទៅដាក់ពង្រាយ នៅជិតព្រំដែន ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។ សកម្មភាពយោធារបស់រុស្ស៊ី កំពុងតែជំរុញឲ្យមានវិបត្ដិការទូតកាន់តែធ្ងន់ធ្ងរឡើង ហើយសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប មានការព្រួយបារម្ភ ថា ក្រុងមូស្គូកំពុងរៀបចំផែនការ ចូលឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ដូចរុស្ស៊ីរឹបអូសឧបទ្វីបគ្រីមៀ (Crimea) របស់ប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ នោះដែរ៕​ រក្សាសិទ្ធិដោយ ៖ សារាយSN

×