ថ្មីៗនេះ វីដេអូមួយនៅលើបណ្តាញសង្គម TikTok កំពុងល្បីតៗគ្នា ដែលគេជឿថាជាវីដេអូប្រឌិតកាត់តដាក់សំឡេងសត្វនាគ ហាក់ដូចកំពុងស្រែកថ្ងូរខ្ទរខ្ទារ ចេញពីក្នុងរូបល្អាងភ្នំដ៏ធំមួយ ធ្វើឲ្យអ្នកលេង TikTok ខ្មែរមួយចំនួនខំជឿស្លុង នាំគ្នាខមិនថា «សូមដោះលែងនាគមកប្រទេសខ្ញុំវិញមក ឃុំគាត់ដល់ពេលណា…» ពេលនេះ បានដឹងច្បាស់ហើយ តាមពិតមិនមែនជាល្អាងនាគស្អីនោះទេ។
មិនចាំយូរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ បុរាណាចារ្យ បានលាតត្រដាងការពិតនៃវីដេអូនេះ ដើម្បីកុំឲ្យកូនខ្មែរ ជាពិសេសអ្នកលេងបណ្តាញសង្គម យល់ឡំទៀតទៅ។ ក្នុងនោះ ផេកខាងលើនេះ បានរៀបរាប់ឲ្យដឹងថា៖ តោះយើងមកស្គាល់ទីតាំងពិតប្រាកដនៃរូងស្តេចនាគ ដោយបច្ចុប្បន្ននេះមានការយល់ច្រលំច្រើនថា ល្អាងនេះមានទីតាំងស្ថិតនៅក្នុងប្រទេសវៀតណាម ដូចនេះហើយយើងសូមបកស្រាយជម្រាបជូនលោកអ្នកថា ល្អាងនេះមិនមែនជាល្អាង Hang Sơn Đoòng របស់វៀតណាមទេ។ ល្អាងនេះមានឈ្មោះថា Tong Tian Luo (通天箩)មានទីតាំងស្ថិតនៅភាគខាងនៃខេត្ត ហ្គងទុង (Guangdong) ប្រទេសចិន ជាល្អាងធម្មជាតិកើតឡើងពីការបាក់ស្រុតនៃសណ្ឋានដីដោយសារទឹកភ្លៀងហូរច្រោះ។
ល្អាងនេះមានទំហំមាត់ផ្នែកខាងលើប្រវែង៧៣ម៉ែត្រ ទំហំលំហខាងក្រោមប្រមាណ១៤០ម៉ែត្រ និងមានជម្រៅ ជាង៩០ម៉ែត្រ។ ល្អាងនេះក៏មិនមែនជាល្អាងអាថ៌កំបាំងអ្វីនោះទេ នៅទីនេះត្រូវបានគេស្គាល់ថា ជាឧទ្យានព្រៃឈើធម្មជាតិ Tongtianluo ដែលត្រូវបានគេបើកអោយភ្ញៀវទេសចរ អ្នកផ្សងព្រេងចូលមកទស្សនាបាន។
ក្រោយពីបានឃើញផេកខាងលើលាតត្រដាងការពិតយ៉ាងក្បោះក្បាយរួច អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្តចំពោះអ្នកជឿខ្វះការពិចារណាទាំងនោះថា៖ «អរគុណណាស់ចំពោះការបង្ហាញពត៌មាននេះ ដេីម្បីឱ្យអ្នកបោក និងអ្នកត្រូវបានគេបោក បានភ្លឺភ្នែក!, ល្អាងពួក TikTok, នាគហ្នឹងសំបុកវាច្រើនណាស់ក្នុងប្រព័ន្ធអុីនធឺណឺត, ជំនឿខ្វះបញ្ញា ឈប់បានឈប់ទៅ នាគសុំ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











