កំពត៖ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ភ្ញៀវទេសចរបានទៅទស្សនា សម្រាកកម្សាន្តតាមរមណីយដ្ឋាន និងកន្លែងផ្តល់សេវាទេសចរណ៍នានាក្នុងខេត្តកំពតសរុបចំនួន ៦៦.៥១៦នាក់ ក្នុងនោះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ៦៦.១៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៣៩២នាក់។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ភ្ញៀវភាគច្រើន បានឡើងទៅសម្រាកលំហែកាយនៅលើភ្នំបូកគោ និងទៅកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននៅតំបន់ទឹកឈូ កោះតាដា ដូងទេ ឆ្នេរឋានសួគ៌ និងជិះខ្សែរ៉កនៅឧទ្យានដងព្រែកជាដើម។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា តាមការព្យាករណ៍ ដោយសារចូលឆ្នាំចិន-វៀតណាម ចំថ្ងៃធ្វើការ ភ្ញៀវទេសចរអាចបន្តមកកម្សាន្តខេត្តកំពតនៅថ្ងៃចុងសប្តាហ៍នេះច្រើន។ ជាមួយគ្នានេះដែរ អាជ្ញាធរ ក៏នៅតែបន្តចុះពិនិត្យ និងអប់រំបន្ថែមអំពីវិធានសុវត្ថិភាពទេសចរណ៍(SOP) នៅតាមតំបន់រមណីយដ្ឋាន និងកន្លែងផ្តល់សេវាកម្មទេសចរណ៍នានា ដើម្បីចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួង និងមន្ទីរសុខាភិបាល ព្រមទាំងបញ្ហា អនាម័យ តម្លៃម្ហូបអាហារ និងកន្លែងស្នាក់នៅជាដើម មិនឱ្យតម្លើងថ្លៃនោះទេ។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលចរាចរណ៍ដល់ពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកកម្សាន្តខេត្តកំពត អាជ្ញាធរខេត្ត បានពង្រាយកម្លាំងនគរបាល ចំនួន ៣៩០នាក់ នៅតាមតំបន់សំខាន់ៗក្នុងក្រុងកំពត ក៏ដូចជារមណីយដ្ឋាននានាទូទាំងខេត្ត ត្រៀមរង់ចាំជួយអន្តរាគមន៍សង្គ្រោះឱ្យទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍មិនល្អកើតឡើងជាយថាហេតុ៕