នេះជារឿងមួយស្ទើរតែមិនគួរឲ្យជឿ និងពិតជាអស្ចារ្យខ្លាំងណាស់ ដែលបុរសជនជាតិថៃម្នាក់បានរួចផុតអាយុជីវិត ពីចង្កូមខ្លាព្រៃចំនួន៣ក្បាល បន្ទាប់ពីបានវាយប្រយុទ្ធតតាំងជាមួយពួកវានៅក្នុងព្រៃ ហើយបន្យល់ទុករបួសនៅលើខ្លួនច្រើនកន្លែងយ៉ាងដំណំ និងថែមទាំងបាក់ដៃទៀតផង។
លោក Wan អាយុ ៤៦ ឆ្នាំ ជាជនរងគ្រោះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានរៀបរាប់ពីនាទីជីវិត ទៅកាន់មន្រ្តីមកសួរសុខទុក្ខ ទាំងអារម្មណ៍នៅភ័យខ្លាចថា នៅពេលដេញក្របីមួយហ្វូងចំនួន ៨ ក្បាល ទៅឃ្វាលក្នុងព្រៃ ដោយអមដំណើរជាមួយឆ្កែចិញ្ចឹមរបស់គាត់ចំនួន ៣ ក្បាល ផងដែរ។ ប៉ុន្តែ រំពេចនោះ គាត់ក៏ប្រទះឃើញសត្វឆ្កែចំនួន ៣ ក្បាល (ធំ១ និងតូចជា២) បង្ហាញនៅពីមុខហ្វូងក្របីគាត់តែម្តង។ ខណៈនោះ សត្វឆ្កែរបស់គាត់ បានចាប់ផ្តើមព្រួស និងវាយប្រហារជាមួយខ្លាជំទង់២ក្បាល ខណៈឆ្កែធំ១ក្បាលទៀត វាយប្រហារមកលើគាត់ រហូតរបូតកាំបិតពីដៃតែម្តង។
លោក Wan បន្តថា នៅពេលនោះ ដៃទាំងពីររបស់គាត់ត្រូវទទេស្អាត ដូច្នេះ គាត់ក៏ត្រូវខ្លានោះខាំចំដៃ និងក។ តែទោះយ៉ាងណា គាត់បានប្តូរប្រយុទ្ធ ដោយប្រើកណ្តាប់ដៃធ្ងន់ៗវាយចំច្រមុះ និងភ្នែករបស់វាយ៉ាងពេញទំហឹងជាច្រើនដង រហូតបាក់ដៃតែម្តង។ ដោយសារខ្លានោះត្រូវចំភ្នែក និងច្រមុះធ្ងន់ៗ បណ្តាលឲ្យវាឈឺរត់ដកឃ្លា រីឯគាត់ក៏បានប្រញាប់ប្រញាល់រត់ឡើងដើមប្ញស្សី ខណៈខ្លាធំនោះមិនព្រមទៅណា ដោយវានៅឈរបក់កន្ទុយខាងក្រោមសម្លឹងមើល ខណៈ ខ្លា២ក្បាលទៀត បានកំពុងវាយប្រយុទ្ធជាមួយសត្វឆ្កែរបស់គាត់។ តែទោះយ៉ាងណា សត្វឆ្កែ២ក្បាលរបស់គាត់ ត្រូវបានសត្វឆ្កែខាំរហូតងាប់ និង១ក្បាលទៀត បាត់ខ្លួន។
Wan នៅបានឲ្យដឹងទៀតថា ពេលឃើញខ្លាមិនព្រមចាកចេញ គាត់ក៏កាច់ប្ញស្សីបោះទៅលើពួកវាជាច្រើនដង ហើយប្រហែល ១០ នាទី ក្រោយមក ខ្លាធំនោះក៏បានដើរចូលព្រៃ ខណៈខ្លាជំទង់ៗ២ក្បាលទៀត ដើរតាមក្រោយ។ ក្រោយពីបានឃើញស្ថានភាពស្ងប់ស្ងាត់ និងជឿថា ពួកវាបានចាកចេញឆ្ងាយ គាត់ក៏បានចុះពីដើមប្ញស្សី រត់យ៉ាងប្រញាប់ប្រញាល់សំដៅរកហ្វូងក្របីដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុ។ នៅពេលនោះ គាត់បានជិះក្របីវិលត្រឡប់មកភូមិវិញ ហើយក៏ត្រូវបានសាច់ញាតិជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយពីបានជាសះស្បើយរបួសគាត់នឹងទៅធ្វើបុណ្យបូជាដល់លោកព្រៃម្ចាស់ម្ចាស់ផ្លូវ ដែលធ្វើអព្ភូតហេតុឲ្យរូបគាត់រួចផុតពីធ្មេញដ៏មុតរបស់ពួកខ្លា។
ក្រោយមក លោកនាយករដ្ឋមន្ត្រី Kamalas Issaard ប្រធានឧទ្យានជាតិ Khao Laem ក៏បាននាំមន្ត្រីឆ្មាំព្រៃឈើ ជាមួយបុគ្គលិកនៃអង្គការ Freeland Foundation ធ្វើដំណើរចូលទៅក្នុងព្រៃនោះ ដើម្បីដាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០ គ្រាប់ នៅតំបន់ព្រៃចម្ងាយប្រហែល ២ គីឡូម៉ែត្រពីភូមិ Pilok Kee និងជុំវិញព្រែក Pilok-Huay Samato នៅក្នុងឧទ្យានជាតិ Khao Laem ជាកន្លែងដែលលោក Nai Wan ដែលជាកុលសម្ព័ន្ធ Karen បានប្រយុទ្ធជាមួយខ្លា៣ក្បាល និងរួមទាំងព្រៃជ្រៅនៅព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា នៅឧទ្យានជាតិថោងផាភូម ផងដែរ។
គេរំពឹងថានឹងបញ្ចប់ក្នុងការដំឡើងកាមេរ៉ាដាក់អន្ទាក់ខ្លា ក្នុងរយៈពេលប្រហែល ៤-៥ ថ្ងៃ ដើម្បីដឹងថា នៅតំបន់នោះនៅមានសត្វខ្លាទៀតឬទេ?។ នៅពេលនេះ កម្លាំងឆ្មាំព្រៃ៧នាក់កំពុងដើរល្បាតក្នុងព្រៃជារៀងរាល់ថ្ងៃ ដោយការប្រុងប្រយ័ត្នបំផុត និងធ្វើការងារនេះរហូតដល់ស្ថានភាពវិលមករកភាពប្រក្រតីវិញ ដើម្បីសុខសុវត្ថិភាពអ្នកភូមិ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


