Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ចេញសេចក្ដីណែនាំស្ដីពី ការចារឹកអក្សរលើស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមរាជធានី-ខេត្ត ជាប្រវត្តិសាស្ត្រ ជាភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញសេចក្ដីណែនាំស្តីពីការចារឹកនូវអត្ថន័យ នៃសច្ចភាពជាប្រវត្តិសាស្ត្រលើស្តូប មិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់ឡើងនៅតាម បណ្តារាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្ដីណែនាំដែលសារព័ត៌មានទទួលបាននៅថ្ងៃទី៥ខែកុម្ភៈនេះ បានឲ្យដឹងថា ចាប់តាំងពីទសវត្សរ៍៨០ រហូតមក ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើង ជាបន្តបន្ទាប់ នៅតាមរាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជានិមិត្តរូប និងជាការចងចាំនូវ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នា ទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនឹងគ្នា ក្នុងបុព្វហេតុនៃការនាំមកនូវសុខសន្តិភាព នៃប្រទេសនីមួយៗ។ ជាក់ស្ដែង ក្នុងអំឡុងទសវត្សរ៍៦០-៧០ ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដិ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានចូលរួម ជួយប្រទេសវៀតណាម ក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីវៀតណាម ហើយនៅទសវត្សរ៍៧០-៨០ ប្រទេសវៀតណាម ក៏បានចូលរួមជួយកម្ពុជា ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។

ទោះបីជាយ៉ាងនេះក្តី ក៏កន្លងមក មានមជ្ឈដ្ឋានមួយចំនួន មិនទាន់មានការយល់ដឹងច្បាស់ លាស់អំពីអត្ថន័យពិតប្រាកដ នៃស្តូបមិត្តភាពកម្ពុជា-វៀតណាម និងបានធ្វើការបកស្រាយក្នុងន័យ ផ្សេងៗគ្នា ខុសពីការពិត និងសច្ចភាពជាប្រវត្តិសាស្ត្រ។ ទន្ទឹមនេះ ក៏មានអ្នកនយោបាយខ្លះបានប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ជាមូលដ្ឋានដើម្បីធ្វើការវា.យប្រ.ហារ អុជអាល ញុះញង់ បំបែក បំបាក់ទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងវៀតណាម និងបំផុសបំផុល ឱ្យមានការរើសអើង ប្រកាន់ពូជសាសន៍ រវាងប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរថែមទៀត។

ដើម្បីថែរក្សាការពារនូវសច្ចភាពជាប្រវត្តិសាស្ត្រ នៃការជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) សំដៅបន្តពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមានព្រំប្រទល់ជាប់គ្នា ដើម្បីធានាបាននូវផលប្រយោជន៍ទាំងសងខាង រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖

១). ប្រគល់ភារកិច្ចជូនរដ្ឋបាលរាជធានី-ខេត្ត សហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ធ្វើការ ពិនិត្យ និងរៀបចំចារឹកនូវអត្ថន័យសច្ចភាព ជាប្រវត្តិសាស្ត្រជាភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស លើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅ តាមរាជធានី-ខេត្តនីមួយៗ ដោយឆ្លាក់តួអក្សរឱ្យបានច្បាស់ ដើម្បីឱ្យសាធារណជន អាចមើលឃើញនិងអានបាន ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ ជាមួយសេចក្ដីណែនាំនេះ។ ទន្ទឹមនេះ បន្ទាប់ពីការរៀបចំចារឹកនូវអត្ថន័យខាងលើរួចរាល់ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំពិធីសម្ពោធនូវផ្ទាំងចារឹកនេះ ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនបាន ជ្រាបអំពីអត្ថន័យនៃស្តុបមិត្តភាពកម្ពុជា-វៀតណាម។

២).រដ្ឋបាលរាជធានី-ខេត្តនីមួយៗ ត្រូវធ្វើការគ្រប់គ្រង ថែរក្សា ការពារស្តូបមិត្តភាពកម្ពុជា វៀតណាម ដែលបានសាងសង់ នៅតាមរាជធានី-ខេត្តរបស់ខ្លួន។ ក្នុងករណីមានការ ជួសជុលកែលម្អស្តូបមិត្តភាពនេះ ត្រូវរក្សារចនាបទដើម ដែលបានសាងសង់។

ទទួលបានសេចក្ដីណែនាំនេះ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ននានា និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់ចែងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

បើតាមឧបសម្ព័ន្ធ ៖ ត្រូវចារឹកអក្សរនៅលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់រួចនៅតាម បណ្តារាជធានី-ខេត្ត ដែលមានខ្លឹមសារដូចខាងក្រោម ៖ “ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើង ដើម្បីជាសក្ខីភាពនៃការ ដឹងគុណនិងការចងចាំ ចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម ក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការ ដឹងគុណនិងការចងចាំ ចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វ ហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ នៅទសវត្សរ៍៧០-៨០។

“Tượng đài hữu nghị Campuchia-Việt Nam được xây dựng để bày tỏ sự tri ân và ghi nhở đối với sự hy sinh của nhân dân Campuchia vì sự nghiệp hòa hợp và thống nhất đất nước Việt Nam trong suốt thập niên 60, 70 và bày tỏ sự tri ân và ghi nhớ đối với sự hy sinh của quân đội và nhân dân Việt Nam vì sự nghiệp giải phóng nhân dân Campuchia thoát khỏi chế độ diệt chủng Campuchia dân chủ vào thập niên 70, 80,

“The Cambodia-Vietnam Friendship Monument was built as a testimonial of gratitude for and in memory of the sacrifice of Cambodian people in the cause of Vietnam’s territorial unification during the 60s 70s, and the sacrifice of Vietnamese Army and People in the liberation of Cambodian people from the genocidal regime of Democratic Kampuchea in the 70s-80s.”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×