Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចង់ប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ឱ្យទៅជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រតេជោសែន, សម្តេច ម៉ែន សំអន គាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មាររួចមក ក៏បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ និងក្រុមការងារ បន្តចុះទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ រួមមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមការងារជាច្រើនរូបទៀត, ហើយសម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានសម្ដែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម ពីសំណាក់ ឯកឧត្តម ហួត ហាក់ ក្នុងចង់ប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោមួយនេះ ឱ្យទៅជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រតេជោសែន។

នេះជាដំណើរប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយផ្ទាល់ ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានធ្វើការសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារ ជុំគ្នាស្ថិតក្នុងបរិយាកាសរីករាយ។

តាមរយៈ ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេច តេជោ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាប់ថា កាលពីអំឡុង ខែមករា ឆ្នាំ១៩៨៨ ដោយឃើញថា ផ្ទះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ទើបសុំការឯកភាពពី ឯកឧត្តម ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម  ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។

បើតាមតាមការបង្ហើបឱ្យដឹងពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសនោះ ឯកឧត្តមមានគម្រោងកែច្នៃ និងរៀបចំផ្ទះនេះ ឱ្យទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ឱ្យដឹងថា វីរៈជនដឹកនាំកម្ពុជា មិនមែនកើតមកមានស្រាប់ ហើយក៏មិនមែនកើតមកក្លាយជាអ្នកដឹកនាំស្រាប់នោះដែរ គឺត្រូវតស៊ូ លះបង់ខ្ពស់ណាស់ សូម្បីតែជីវិត ! ផ្ទះរមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន នេះ នឹងក្លាយជាការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយ សក្តានុពល និងភាពទាកទាញបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ហ៊ុន សែន ទៅជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រតេជោសែន និងបានជំរុញឲ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×