Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំក្រុមគ្រូពេទ្យ ត្រូវគិតគូរអំពីសុខភាព និងសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ

spot_img

កោះធំ៖ ថ្ងៃសៅរ៍ទី០៥ ខែកម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារព្យាបាលជំងឺទូទៅ នៃមណ្ឌលសុខភាពពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

ថ្លែងក្នុងមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនក្រៅប្រទេស ដែលបានចូលរួមវិភាគទាន ជាមួយក្រុមការងារថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ដើម្បីស្ដារ ជួសជុល សាងសង់មណ្ឌលសុខភាពពោធិ៍រាម្មាឡើងវិញ ជាពិសេសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងក្រុមគ្រូពេទ្យ រួមទាំងមន្ត្រីបុគ្គលិករបស់មន្ទីរពេទ្យព្រែកស្ដី ដែលបានរួមចំណែកទាំងអស់គ្នា ក្នុងការធ្វើឱ្យមណ្ឌលសុខភាពនេះ លេចចេញជារូបរាងឡើងនៅពេលនេះ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការគិតគូរអំពីសុខភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមការណែនាំ និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែណែនាំ ឱ្យក្រុមការងារជួយមើលថែទាំសុខភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ចុះឱ្យកៀកបងប្អូនប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណ:សេវាចាំបាច់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យបានលឿន តម្លាភាពធ្វើឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីគម្រោងបន្តស្តារ និងជួសជុលមណ្ឌលសុខភាព នៅស្រុកកោះធំបន្ថែមទៀត ជាពិសេសមណ្ឌលសុខភាព ដែលនៅឆ្ងាយៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចស្វែងរក និងទទួលបានកន្លែងព្យាបាល និងថែទាំអ្នកជំងឺ ប្រកបដោយជម្រើសសម្បូរបែប។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់ឱកាសឱ្យយើង បានកសាងប្រទេសជាតិមាតុភូមិរបស់យើងដល់សព្វថ្ងៃនេះ មានឱកាសជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលសុខភាពពោធិ៍រាម្មា កសាងផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់នៅស្រុកកោះធំ និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីការខិតខំប្រឹងប្រែង របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកោះធំក្នុងការប្រមែប្រមូលថវិកា ដើម្បីធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យតេជោ សែន កោះធំ ដែលជាមន្ទីរពេទ្យដ៏ធំមួយនៅស្រុកកោះធំ មានគ្រែចំនួន១៥០ ទំនើបជាងមន្ទីរពេទ្យមួយចំនួននៅតាមបណ្ដាខេត្តមួយចំនួន។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់ (Life Expectancy) រយៈពេល ១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល ២០ ឆ្នាំ កន្លងទៅ ដោយសារកម្ពុជា មានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម។

សូមជម្រាបជូនថា គម្រោងស្ដារ ជួសជុល សាងសង់មណ្ឌលសុខភាពនេះបានចំណាយថវិកាសរុបប្រមាណ ១៦៥ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ មានចំនួន ១២៥ ០០០ ដុល្លារអាមេរិក និងថវិកាសប្បុរសជនក្រៅប្រទេសចំនួន ៤០០ ០០០ដុល្លាអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×