ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តខ្លាំងតែម្តង ខណៈដែលអធិការដ្ឋាននគរបាលស្រុកថ្មគោល បានធ្វើការកោះហៅបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ «សេដ្ឋីស្រុកស្រែ» ដើម្បីធ្វើការសាកសួរ និងអប់រំទុកជាការព្រមានទៅថ្ងៃក្រោយ បន្ទាប់ពីបុរសរូបនេះបានខមិនក្នុងន័យរិះគន់ចំៗ ចំពោះសកម្មភាពរបស់មន្រ្តីមូលដ្ឋាន ដែលបានយកគ្រឿងចក្រកាយផ្តាច់ផ្លូវតំបន់បី ព្រៃលិចទឹកក្នុងភូមិសាស្រ្តឃុំជ្រោយស្តៅ។
ពិតណាស់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សេដ្ឋីស្រុកស្រែ ខាងលើ បាន Comment សរសេររិះគន់យ៉ាងដូច្នេះថា៖ «ទៅកាយផ្លូវចោលចឹងវាមិនប្រសើរទេ ចុះបើទុកឱ្យពលរដ្ឋធ្វើដំណើទៅរកត្រីសាច់អី មិនបានទេអី ធ្វើចឹងចង្រៃទៅវិញទេ»។
ក្រោយឃើញសមត្ថកិច្ចបានធ្វើរឿងដ៏មិនសមទំនងបែបនេះ មហាជនបានសម្តែងការហួសចិត្តគ្រប់ៗគ្នាតែម្តង។ ក្នុងនោះ សូម្បីតែលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានសម្តែងការហួសចិត្តផងដែរ ដោយលោកជំទាវបានលើកឡើងសួរបែបនេះថា៖ «ខ្ញុំរៀនច្បាប់ដែរ តែនៅតែមើលមិនដឹងថា គាត់ខុសកន្លែងណា? សូមអស់លោកមន្ត្រីៗអស់ហ្នឹង ទៅបើកមើលរដ្ឋធម្មនុញ្ញ ត្រង់ជំពូកណាពីសិទ្ធនិងការតព្វកិច្ចរបស់ពលរដ្ឋផងទៅ ខ្ញុំសុំមិនយល់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



