Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ ជាង៧ខែ កម្ពុជាផលិតមាសបាន ១,៧៥១គីឡូក្រាម រួចដឹកទៅចម្រាញ់ជាមាសទឹក១០ នៅប្រទេសអូស្ត្រាលី

spot_img

ក្រចេះ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៧ខែកន្លងមកនេះ កម្ពុជាផលិតមាសបាន ១.៧៥១គីឡូក្រាម ពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ បរិមាណមាសដែលកម្ពុជាផលិតបាន ចាប់ផ្តើមមានចំនួនច្រើនឡើងជាបន្តបន្ទាប់ ក្នុងរង្វង់៨០-១០០គីឡូក្រាម ក្នុង១សប្តាហ៍។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា កម្ពុជាមានតំបន់ដែលមានធនធានរ៉ែប៊ុកស៊ីតជាច្រើនកន្លែងទៀត នៅមិនទាន់ស្រាវជ្រាវអស់ ដែលមានទាំងរ៉ែមាស ធ្យូងថ្ម និងរ៉ែផ្សេងៗទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែនិយាយថា មាសដែលយើងផលិតនៅក្នុងខេត្តមណ្ឌលគិរី រយៈពេលជាង៧ខែមកនេះ យើងផលិតបាន១.៧៥១គីឡូ ថ្ងៃនេះនឹងមានរបាយការណ៍ , ជាទូទៅក្នុង១សប្តាហ៍យើងផលិតបានជិត១០០គីឡូ (អាចថាពី៨០ទៅ១០០គីឡូឯណោះ ) កាន់តែច្រើនទៅៗ អីចឹងបានជាខ្ញុំដាក់គោលដៅ ប៉ូលសេដ្ឋកិច្ច នៅទិសឦសាន គឺកសិ-ឧស្សាហកម្ម និងធនធានរ៉ែ របស់យើង មិនទាន់ស្រាវជ្រាវអស់នៅឡើយទេ យើងនៅមានរ៉ែប៊ុកស៊ីតផ្សេងទៀត យើងនៅមានធ្យូងថ្ម យើងនៅមានកន្លែងផលិតមាសដទៃទៀត យើងមិនទាន់បានប្រើប្រាស់ យើងទើបចាប់ផ្តើមផលិតមាសប្រមាណ៧ខែ។ ដែលយើងកន្លងទៅនេះ មាសរបស់យើងមិនទាន់ក្លាយទៅជាមាសទឹក១០នោះឡើយទេ យើងបានមាស១.៧៥១គីឡូដែលរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម បានផ្តល់មកឲ្យខ្ញុំ, ហើយជាធម្មតា ថ្ងៃចន្ទ និងថ្ងៃសុក្រ គឺមានការរាយការណ៍អំពីចំនួនមាសផលិតបាន។ នៅពេលដែលយើងផលិតបានទៅជាមាសដុំៗ មានខ្លះ២០គីឡូ ៣០គីឡូ ដុំខ្លះជាង១០គីឡូ រួចហើយបានយើងដឹកទៅចម្រាញ់ជាមាសទឹក១០ នៅប្រទេសអូស្ត្រាលី។ អ៊ីចឹងការប៉ាន់ស្មាន របស់ខ្ញុំគឺត្រូវ”។

សូមជម្រាបថា កម្ពុជាបានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវនេះ វិនិយោគដោយក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលី ជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×