Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសតិបណ្ឌិត ស សុខា អញ្ជើញចូលរួមជាអធិបតីពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ

កណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសតិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

គួររម្លឹកដែរថា៖ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់ ហើយពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ។ ការណ៍ដែលប្រារឰពិធីបូជានាថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ ថាជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គលដល់ហេតុការណ៍អស្ចារ្យ ៣យ៉ាងទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ រួមមាន៖
១- ថ្ងៃប្រសូត (ថ្ងៃសុក្រ តិថី១៥កើត ខែពិសាខ ឆ្នាំច)
២- ថ្ងៃត្រាស់ដឹង (ថ្ងៃពុធ តិថី១៥កើត ខែពិសាខ ឆ្នាំរកា)
៣- ថ្ងៃចូលបរិនិញ្វាន (ថ្ងៃអង្គារ តិថី១៥កើត ខែពិសាខ ឆ្នាំម្សាញ់)។

ពិធីបុណ្យវិសាខបូជា ត្រូវបានប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ថាជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×