ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បេីទោះជាមិនទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ។
ជាមួយគ្នា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។
បន្ថែមពីនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួមគាំទ្រដល់ទីតាំងប្រកួតចំនួន ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ដែលការណ៍នេះ នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដោយប្រកាន់ខ្ពស់លេីសីលធម៌ គុណធម៌នៃស្មារតីកីឡាយ៉ាងខ្ជាប់ខ្ជួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី













