ខណៈពេលដែលកុមារអាយុ ៥ ឆ្នាំភាគច្រើនទៅសាលារៀន ឬលេងយ៉ាងសប្បាយនៅខាងក្រៅ តែសម្រាប់កុមារី Anna Wang មកពីភាគនិរតីនៃប្រទេសចិន បែរជាកំពុងមើលថែជីដូន និងយាយទូតរបស់នាង បន្ទាប់ពីម្តាយរបស់នាងមានប្តីថ្មី ទុកឲ្យនាងរស់នៅជាមួយជីដូន និងយាយទូត ខណៈឪពុករបស់នាងជាប់ពន្ធនាគារ។
បើតាមសារព័ត៌មានចិនមួយ បានបញ្ជាក់ឲ្យដឹងថា Anna បានក្លាយជាអ្នកមើលថែតែម្នាក់គត់សម្រាប់ស្ត្រីវ័យចំណាស់ទាំងពីរ ខណៈនាងមានអាយុទើបតែ ៥ ឆ្នាំ ប៉ុណ្ណោះ។
ឪពុករបស់ Anna ត្រូវបានបញ្ជូនទៅគុកដោយមិនដឹងមូលហេតុ នៅពេលដែលនាងមានអាយុត្រឹមតែ ៣ ខែ ហើយម្តាយរបស់នាងបានរៀបការប្តីថ្មី ហើយបានបោះបង់ចោលនាងភ្លាមៗ ដោយទុកឲ្យនាងនៅផ្ទះតៀមតូចមួយ ស្ថិតក្នុងតំបន់ភ្នំដាច់ស្រយាលនៃទីក្រុង Zuyin ជាមួយជីដូនឈឺសន្លាក់ធ្ងន់ធ្ងរ និងយាយទូតអាយុ ៩២ ឆ្នាំ។
នាងតូចដ៏កត្តញូរូបនេះ បានចាប់ផ្តើមដើរស្វែងរកអាហារ និងធ្វើម្ហូបឱ្យលោកយាយ និងយាយទូតរបស់នាង និងបំពេញភារកិច្ចផ្សេងទៀតដូចជាសម្អាត ងូតទឹក និងជួយជូនយាយៗទាំងពីររបស់នាងទៅបង្គន់ជាដើម។ អ្នកជិតខាងដ៏សប្បុរសម្នាក់អនុញ្ញាតឱ្យ Anna បេះបន្លែពីកសិដ្ឋានរបស់ពួកគេ ដើម្បីយមកចម្អិនម្ហូបផងដែរ។
គួរបញ្ជាក់ថា ក្មេងស្រីអាយុ៥ឆ្នាំដ៏កំសត់រូបនេះ តែងក្រោកពីដំណេកពីព្រលឹម ដើម្បីចាប់ផ្តើមបំពេញភារកិច្ចរបស់នាង ហើយមិនមានគ្រួសារ ឬមិត្តភ័ក្តិផ្សេងទៀតជួយនាងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












