វីដេអូនៃអព្ភូតហេតុដ៏អស្ចារ្យមួយ បង្ហាញស្រមោលពពកប្រៀបដូចសត្វនាគ ឆ្លងកាត់ពីមុខឧទ្ធម្ភាគចក្រសម្តេចតេជោ ហ៊ុន សែន បានកំពុងត្រូវអ្នកប្រើប្រាស់អុិនធើរណិតចាប់អារម្មណ៍ជាខ្លាំង។
តាមរយៈវីដេអូ ដែលថតដោយប្រធានក្រុមយុវជនស្រឡាញ់សន្តិភាពខេត្តក្រចេះ បានបង្ហាញឲ្យឃើញខណៈឧទ្ធម្ភាគចក្រសម្តេចតេជោ ចាប់ផ្តើមហោះឡើងលើអាកាស ចាកចេញពីទីកន្លែងថ្លែងសន្ទរកថា នៃក្រុងក្រចេះ ត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ រំពេចនោះ គេក៏បានឃើញស្រមោលពពកដូចសត្វនាគ បានហោះឆ្លងកាត់យ៉ាងលឿន ប៉ុន្មានវិនាទី មុនពេលឧទ្ធម្ភាគចក្រសម្តេចមកដល់។
យ៉ាងណាមិញ តាមរយៈរូបភាពដ៏អស្ចារ្យនេះផងដែរ មហាជនដែលមានជំនឿ បានលើកឡើងថា នេះជាភាពអង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើដំណើរទៅណាមកណា តែងតែមានវត្ថុស័ក្កិសិទ្ធិតាមថែរក្សាសម្តេចជានិច្ច។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










