Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័តគម្រោងវិនិយោគថ្មីៗ មានតម្លៃទុនជិត ២៣០០លានដុល្លារ នៅខែដើមឆ្នាំ២០២២នេះ

ភ្នំពេញ៖ នៅក្នុងខែមករា ដើមឆ្នាំ ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  បានអនុម័តគម្រោង វិនិយោគចំនួន ២៤គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ ២២៧៧លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងរយៈខែមករា ដូចគ្នាកាលពីឆ្នាំទៅ។

កាលពីឆ្នាំ២០២១​ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២០គម្រោង ជាមួយតម្លៃទុនវិនិយោគប្រមាណ ៦២១លានដុល្លារអាមេរិក។

បើតាមទិន្នន័យបង្ហាញដោយ CDC នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បានបង្ហាញឱ្យដឹងថា គម្រោងវិនិយោគខាងលើនេះ នឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណ ២ម៉ឺន ២៩១០កន្លែង នៅទូទាំងប្រទេស។ កំណើនទុនវិនិយោគនៅខែមករា ឆ្នាំ ២០២២នេះ ត្រូវបានរុញច្រើនដោយគម្រោងធំៗដូចជា គម្រោងវិនិយោគមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពត ដែលមានទុនរហូតដល់ ១៣០០លានដុល្លារអាមេរិក, គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានទុន ៣៨៩លានដុល្លារអាមេរិក និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ដែលមានទុន ២៩៧លានដុល្លារអាមេរិក។

ការកើនឡើងយ៉ាងគំហុកនៅដើមឆ្នាំនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាន នៅខែមករា ឆ្នាំ ២០២២នេះ ក៏ដូចជា នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដទៃទៀត ដែលនឹងចូលជាធរមាននាពេលខាងមុខផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២៤ ក្នុងនោះគម្រោងភាគច្រើនវិនិយោគលើការបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងផលិផលកាបូបធ្វើដំណើរ ដែលមានទីតាំងភាគច្រើននៅខេត្តកំពង់ស្ពឺ, ព្រះសីហនុ, រាជធានីភ្នំពេញ និងខេត្តកណ្តាល៕

×