មួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពីចូលឆ្នាំចិនមក ករណីមានតំណាងចែកចាយលក់មាស មិនដែលប្រទះក្នុងប្រវត្តិសាស្រ្ត បានកំពុងល្បី និងពេញនិយមខ្លាំង នៅខាងជាយដែនឡែម ស្រុកកំរៀង ខេត្តបាត់ដំបង ដោយគេលក់មាស១តម្លឹងថែមជូនដល់២ជី ទាក់ទាញធ្វើឲ្យមនុស្សម្នាភ្លូកទៅទិញព្រោងព្រាតតែម្តង។
តែទោះយ៉ាងណា ដោយសារតែប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋនៅឡែមជាច្រើន បានខលមកស្នើដល់លោកជំទាវ ហ៊ុន ស៊ីណាត ជួយអន្តរាគមន៍ ថានេះជាករណីបោកប្រាស់ ធ្វើឲ្យលោកជំទាវសម្តែងការហួសចិត្ត ប្រតិកម្មខ្លាំងៗតែម្តង ចំពោះហាងលក់មាសនោះ។
ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ចំៗថា អ្នកលក់មាសនេះ ខ្លាំងជាងគ្រូជោគជ័យទៀត ប្រវត្តិសាស្រ្តហើយដែលមានតំណាងចែកចាយលក់មាសហៅថា franchise selling gold ស្អីគេនោះ ដែលកំពុងលក់មាស១តម្លឹង មានចាប់ឆ្នោតចំណេញបាន២ជី ខណៈអ្នកលក់មាសត្រឹមត្រូវពិតប្រាកដ ១តម្លឹង គេចំណេញបានត្រឹមតែពី ២៥ ទៅ ៣០ ដុល្លារ ប៉ុណ្ណោះ។ តាមរយៈរឿងដ៏ហួសចិត្តនេះ លោកជំទាវក៏បានផ្តាំហើយផ្តាំទៀតថា ប្រយ័ត្នបានរបស់កាឡៃ ព្រោះតែចង់បានរបស់ (free) ថែមជូន២ជីហ្នឹង។
បន្ថែមលើនេះ លោកជំទាវក៏បានបញ្ជាក់ថា កុំឃើញរូបខ្ញុំទៅកាត់ខ្សែបូ អ្នកទាំងអស់គ្នាយល់ច្រឡំ ខ្ញុំទៅកាត់ខ្សែបូឲ្យអ្នក ដើម្បីផ្តល់កិត្តិយសឲ្យអ្នក ប៉ុន្តែ ខ្ញុំមិនឲ្យអ្នកទៅបោកប្រាស់គេទេ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជាអ្នកទិញ ត្រូវគិតពិចារណាឡើងវិញ វាមិនដែលទិញ១តម្លឹង ចំណេញបាន២ជី ប្រយ័ត្នបានរបស់កាឡៃ ហើយទឹកភ្នែក មករកលោកជំទាវជួយ អត់ដឹងទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



