ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ១១ខែឆ្នាំ ២០២១ កម្ពុជា បាននាំចេញមុខទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃទឹកប្រាក់សរុប ៨០១៨ពាន់លានដុល្លារ ដោយបានកើនឡើងដល់ទៅ ៣២,៧០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
សហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា កាលពីឆ្នាំ ២០២០ ខណៈសហភាពអឺរ៉ុបធ្លាក់មកនៅលំដាប់ទី ២វិញ ដែលបញ្ជាទិញទំនិញពីកម្ពុជា។ ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមរិក ក្នុងរយៈពេលនេះ មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ខណៈដែលស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ហាក់បានធូរស្រាលបន្តិចវិញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីរងការញំាំញីយ៉ាងខ្លាំងពីមេរោគបំប្លែងថ្មី អូមីក្រុង។ ម៉្យាងវិញទៀត សេច្ចកិច្ចសហរដ្ឋអាមេរិក និងសេច្ឋកិច្ចសកល បាន និងកំពុងដើរចេញពីវិបត្តិជាបណ្តើរៗ និងឆ្ពោះទៅរកភាពល្អប្រសើរឡើងវិញ។
ចំណែកការចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិក នៅចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានកើនឡើង ២១,១៥ភាគរយ រហូតដល់តម្លៃទឹកប្រាក់សរុប ៣៧៨លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
គួរបញ្ជាក់ថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឳសថ និងបរិក្ខាពេទ្យជាដើម៕