នារីក្លាហានម្នាក់បានចេញតាមស្វែងរកម៉ូតូដល់ផ្ទះចោរតែម្តងនៅក្នុងខេត្ត Suphan Buri បន្ទាប់ពីលោកចោរបានលួចម៉ូតូ Vespa (វេស្ព៉ា) របស់នាងចេញពីខេត្ត Nonthaburi។
ប៉ូលីស Bang Yai បាននិយាយថា នារីជាម្ចាស់ម៉ូតូរងគ្រោះឈ្មោះ Wanwisa Kongsamrong អាយុ ២៧ ឆ្នាំ ត្រូវបានដឹងថា បានតាមស្វែងរកម៉ូតូរបស់នាង ជាមួយទួណឺវីសនៅក្នុងដៃ ដើម្បីការពារខ្លួន មុនពេលជូនដំណឹងដល់សមត្ថកិច្ចចាប់ខ្លួនចោរឈ្មោះ Somchai Bunporn អាយុ ៤២ ឆ្នាំ ដែលបានលួចម៉ូតូវេស្ព៉ារបស់នាង កាលពីវេលាម៉ោង ៥ និង៥០ នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
នាង Wanwisa បានប្រាប់ថា ម៉ូតូ Vespa របស់នាងពណ៌ខៀវ ផ្លាកលេខ Bangkok បូករួមទាំងលេងគ្រឿងតុបតែងបន្ថែម មានតម្លៃ ៣៤,០០០ បាត (ជាង ១០០០ ដុល្លារ)។ នាងបន្តថា ម៉ូតូរបស់នាងត្រូវបានលួច ខណៈនាងទុកតែមួយភ្លែត នៅមុខហាងបាយក្នុងផ្សារ Bang Yai City ដោយពុំបានដកកូនសោចេញនោះទេ ដែលជាឱកាសល្អសម្រាប់ចោរ។ ហើយភ្លាមៗនោះ នាងក៏បានឃើញចោរជិះម៉ូតូរបស់នាងចាកចេញទៅ ប៉ុន្តែ នាងរត់ដេញតាមមិនទាន់។
បន្ទាប់មក នាងបានផុសរូបម៉ូតូរបស់នាង នៅលើបណ្តាញសង្គម ដោយផ្តល់រង្វាន់ចំនួន ២០,០០០ បាត ដល់អ្នកបានប្រទះឃើញ ឬស្គាល់ពីទីកន្លែងស្នាក់នៅរបស់ចោរ។ មិនយូរប៉ុន្មាន Wanwisa ក៏ទទួលបានដំណឹងល្អ ពីអ្នកលេងបណ្តាញសង្គមម្នាក់នៅថ្ងៃទី៤ កុម្ភៈ ដោយបានប្រាប់ថា គេបានប្រទះឃើញម៉ូតូប្លែកពិសេសរបស់នាង នៅក្នុងខេត្ត Suphan Buri។ បន្ទាប់មក នាងក៏បានធ្វើដំណើរស្វែងរកការចង្អុលបង្ហាញរបស់អ្នកលេងបណ្តាញសង្គមរូបនោះ រហូតរកឃើញម៉ូតូរបស់នាងតែម្តង។
ក្នុងអំឡុងរកឃើញនោះ Wanwisa បាននិយាយថា នាងត្រូវប្រឈមមុខនឹងចោរ ប៉ុន្តែ ដោយសារបានទួណឺវីស ធ្វើឲ្យចោរភ័យខ្លាច រត់ចោលផ្ទះតែម្តង។ តែទោះយ៉ាងណា នៅទីបំផុត ប៉ូលីសក៏បានតាមស្វែងរកចាប់ចោររូបនេះបានភ្លាមៗផងដែរ។
នៅចំពោះមុខប៉ូលីស ចោរឈ្មោះ Somchai បានសារភាពថា រូបគេពិតជាបានលួចម៉ូតូជនរងគ្រោះប្រាកដមែន និងថា គ្មានបំណងលួចទេ តែដោយសារឃើញម៉ូតូស្អាត ហើយណាមួយកូនសោនៅជាប់ម៉ូតូទៀត ឃើញឱកាសល្អ ខ្លួនក៏ជិះយកទៅតែម្តង។ លោកចោររូបនេះ ក៏បាននិយាយថា ដោយសារតែម៉ូតូនេះមានតម្លៃ ហើយស្អាត រូបគេក៏រក្សាទុកជិះ មិនលក់ដូរទេ ប៉ុន្តែ បានសារភាពថា ធ្លាប់លួចម៉ូតូបានចំនួន១០ដងហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


