គម្រោងរៀបចំកែលម្អផ្លូវចំនួន ៣៨ ខ្សែ ក្នុងសៀមរាប ដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ផ្លូវ និងក៏ដូចសោភ័ណ្ឌភាពទីក្រុង ត្រូវបានបញ្ចប់កាលពីដើមឆ្នាំ២០២២ កន្លងមកនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តសៀមរាប សម្តែងនូវមោទនភាពជាខ្លាំង ព្រោះតែគម្រោងកែលម្អផ្លូវទាំងនេះ ពិតជាបានលើកមុខមាត់ក្រុងសៀមរាបថែមមួយកំរិតទៀត។
ក្នុងចំណោមផ្លូវទាំង៣៨ខ្សែនោះ អាជ្ញាធរក៏បានគិតគូរផងដែរ ផ្លូវសម្រាប់អ្នកថ្មើរជើង និងផ្លូវអ្នកជិះកង់ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចដើរ និងជិះកង់ហាត់ប្រាណ ប្រកបដោយសុវត្ថិភាព។
តែទោះយ៉ាងណា ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែបានចែករំលែករូបភាព បង្ហាញពីម្ចាស់យានយន្តមួយចំនួន បានថតរថយន្តរបស់ខ្លួនបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងតែម្តង ដែលធ្វើឲ្យមហាជនជាច្រើន ផ្ទុះការរិះគន់ថាអ្នកថតឡានទាំងនោះសុទ្ធតែអត់ខួរ មិនដែលចូលសាលាអុីចឹងហើយ។
តែក្នុងនោះ មនុស្សមួួយចំនួនក៏បានលើកឡើង តាមរយៈឃើញរូបភាពជាក់ស្តែងថា ដោយសារតែទីធ្លាមុខផ្ទះ ឬហាងខ្លះ គឺមានទំហំតូចចង្អៀត ហេតុនេះ បានជាពួកគាត់ត្រូវបង្ខំចិត្តចតរថយន្តលើចំណែកផ្លូវជិះកង់តែម្តងទៅ ប៉ុន្តែ មិនមែនផ្លូវទាំងអស់ សុទ្ធតែរថយន្តចតគ្មានសណ្តាប់ធ្នាប់ដូចនេះនោះទេ។ រីឯអ្នកខ្លះទៀតសួរទៅកាន់អ្នករិះគន់ទៅវិញថា មុខផ្ទះគេ តើឲ្យគេទៅថតឯណា!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












