ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍គិតចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៧នេះ បានបង្ហាញថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរសរុបមានចំនួន១.៣៥៧នាក់ និងរបួសចំនួន៤២.២២នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង១.៣៥៧នាក់នេះ មាន៧៦% ជាអ្នកជិះម៉ូតូកម្លាំង ១២៥ cc ចុះក្រោម ហើយកត្តាគ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយការប្រើប្រាស់ល្បឿន ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអធិបតី ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរផ្លូវគោក លើកទី១២ ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បានក្រើនរំលឹកដល់អ្នកធ្វើដំណើរ កុំឱ្យថ្ងៃសប្បាយ ក្លាយជាថ្ងៃកើតទុក្ខ។
លោករដ្ឋមន្ត្រី បានបន្ថែមថា “ទិវានេះធ្វើឡើងដើម្បីរំលែកទុក្ខសោក ដល់ក្រុមគ្រួសារ និងជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ ជួយពញ្ញាក់អារម្មណ៍ ដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យយល់ដឹងអំពីផលប៉ះពាល់ដ៏សោកសៅនៃគ្រោះថ្នាក់ចរាចរ ដែលកើតឡើង ដោយការបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទំងន់កំណត់ ឬសំពីងសំពោង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង”។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ជាពិសេសអ្នកបើកបរយានយន្ត នៅទូទាំងប្រទេស ត្រូវស្វែងយល់ និងអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការដែលមានចែង ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសំណូមពរសុំឱ្យបងប្អូនទាំងអស់ ជួយផ្សព្វផ្សាយសេចក្តីអំពាវនាវ ទៅដល់បងប្អូន មិត្តភក្តិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរ ដើម្បីចូលរួមចំណែក ជួយសង្គ្រោះជីវិតមនុស្ស នៅលើផ្លូវថ្នល់។
ក្នុងពិធីនេះក៏មានការនិមន្តព្រះសង្ឃ រាប់បាត្រ ព្រមទាំងបង្សុកូល ដើម្បីឧទ្ទិសជូនដល់ជនរងគ្រោះ ដែល បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរ ក៏ដូចជា ការបួងសួងដល់ទេវតា ឱ្យតាមជួយថែរក្សា និងផ្តល់សេចក្តីសុខ និងជួយបញ្ជៀសគ្រោះថ្នាកចរាចរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលធ្វើដំណើរតាមផ្លូវ៕ ដោយ៖ជាលី