កណ្ដាល ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៣និង៣៩នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូមែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្តាល ។
មន្ត្រីនគរបាលជំនាញស្រុកមុខកំពូលបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកសង់C១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខពោធិ៍សាត់១C-៣២៧៦ បើកបរដោយឈ្មោះ ឯល ធន់ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិព្រែកផ្លៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច ស្របពេលជាមួយគ្នានោះ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ ៣A-២០៩៦។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បើកក្នុងទិសពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកម៉ូតូដែលឆ្លងផ្លូវខាងលើ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ អ្នកបើកបរម៉ូតូនៅកន្លែងភ្លាមៗ ចំណែករថយន្តនិងម៉ូតូខូចខាតស្រាល។
ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងនគរបាលជំនាញស្រុកបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងកត់កំណត់ហេតុ និងយកមធ្យោយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីអ្នកបើកបរម៉ូតូខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នមុននឹងឆ្លងផ្លូវមិនបានពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ រីឯរថយន្តបើកបរល្បឿនលឿនក្នុងទីប្រជុំជនខ្វះការប្រុងប្រយ័ត្ន៕ ដោយ៖បញ្ញាស័ក្តិ