ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស Metz នៃប្រទេសបារាំងនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២ នេះ ទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានៅពេលដ៏ខ្លីខាងមុខនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាឯកច្ឆន្ទ។
ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយនិងទីក្រុងជាច្រើន នៅក្នុងនោះមានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន ទីក្រុងនៅសហរដ្ឋអាមេរិក នៅប្រទេសថៃប្រទេសវៀតណាមជាដើម ។ល។ការចងសម្ព័ន្ធមេត្រីភាពនេះវានឹងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ទាំងលើគ្រប់វិស័យមានវប្បធម៌, វិស័យអប់រំ វិស័យគមនាគមន៍និងបរិស្ថាន ជាដើមដោយយើងមិនបានគិតថាជាទីក្រុងតូចឬទីក្រុងធំនោះទេ។
ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះការ ដែលអភិបាលក្រុងម៉េសរបស់បារាំង ដែលចង់ចងសម្ព័ន្ធមេត្រីភាពជាមួយនិងរាជធានីភ្នំពេញ ។ ជុំវិញបញ្ហានេះ ឯកឧត្តម បានបញ្ជាក់ថា ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញនិងស្នើសុំទៅរាជរដ្ឋាភិបាល កម្ពុជាដើម្បីពិនិត្យនិងសម្រេច ក្នុងការចងសម្ព័ន្ធមេត្រីភាពនេះ។ ក្រោយការពិនិត្យនិងសម្រេចហើយនោះ ទីក្រុងទាំង២នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាជាផ្លូវការ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងរបបប៉ុល ពត ដែលកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនបានរំដោះប្រទេសហើយបានធ្វើឲ្យប្រទេសជាតិមួយនេះដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វបច្ចុប្បន្ននេះ។ជាពិសេសក្នុងពេលដែលកម្ពុជារីករាលដាលដោយជំងឺកូវីដ១៩រយះពេល២ឆ្នាំកន្លងទៅសម្ដេចតេជោហ៊ុនសែន បានយកចិត្តទុកដាក់ខ្លាំងបំផុតដោយស្វែងរកវ៉ាក់សាំងផង ទិញផង យកមកចាក់ឱ្យពលរដ្ឋកម្ពុជា ពិសេសបានស្រោចវ៉ាក់សាំងនៅភ្នំពេញ ជាផ្ការីកចេញទៅខេត្តនានា ទូទាំងប្រទេសទទួលបានជោគជ័យ ក្នុងទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ១៩ ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ីទៀតផង។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស Metz បានមានប្រសាសន៍បញ្ជាក់ដែរថា កម្ពុជានឹងប្រទេសបារាំងគឺជាប្រទេសដែលជាមិត្តភក្កិដ៏ស៊ីជម្រៅជាយូរមកហើយ ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-បារាំង ការធ្វើទំនាក់ទំនងរវាងទីក្រុងនិងទីក្រុង វានឹងធ្វើឲ្យ យើងកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាតនិងគមនាគមន៍ជាដើម។ ទីក្រុងយើងទាំងពីរនិងចងសម្ព័ន្ធមេត្រីភាពនឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ។

បន្ថែមពីនេះទៀត ឯកឧត្តម ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) ក៏បានសំដែងនូវការកោតសរសើរ ចំពោះប្រទេសកម្ពុជាដែលបានរំដោះខ្លួនចេញពីរបបប៉ុលពត ។ ឯកឧត្តម បញ្ជាក់ថា នៅកម្ពុជា មានសម្ដេចតេជោហ៊ុន សែន ជាមនុស្សខ្លាំង ដែលបានធ្វើឲ្យប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ ឯកឧត្តម មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ជាក់ស្ដែង អ្វីដែលឯកឧត្តម បានមើលឃើញ គឺចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងមែនទែន បើទោះបីក្នុងដំណាក់ការនៃការរីករាលដាលជម្ងឺ -១៩ក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






