និយាយដល់ល្បែងស៊ីសង ជាពិសេសទាក់ទងបៀរស៊ីគូថៃ គឺពេញនិយមខ្លាំងណាស់ សម្រាប់ស្រ្តីមេផ្ទះទំនេរៗ ប្រមូលជើងគ្នាព័ទ្ធវង់លួចសម្ងំលេងក្នុងផ្ទះ ស្ទើរតែគ្រប់ទីកន្លែង ហើយបើសមត្ថកិច្ចមូលដ្ឋានចង់ធ្វើការបង្រ្កាបវិញ នោះមិនខ្វះសម្រុកទេ។
ពិតណាស់ ក្រៅពីស្រ្តីជាផ្ទះ នោះគេក៏តែងសង្កេតឃើញស្រ្តីជាអាជីវករលក់ដូរតាមផ្សារនានា ក៏មិនធម្មតានោះដែរ ដោយនាំគ្នាលេងបៀរសុីគូថៃ លែងខ្វល់រឿងលក់ដូរដែលនាំឲ្យកើតមានជម្លោះប្តីប្រពន្ធផ្អើលផ្ទះមួយផ្ទះពីរជារឿយៗ ដោយសារតែរឿងនេះ។
ដោយឡែកថ្មីៗនេះ ពិតមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈបានឃើញស្រ្តីៗជាអាជីវករចំនួន ៩ នាក់ ត្រូវបានសមត្ថកិច្ចធ្វើឃាត់ខ្លួន ឡើងឡានខ្មាសគេពេញផ្លូវតែម្តង។
យោងតាមប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង ៣ និង១០នាទី រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងប្រភេទលេងបៀរ នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ ឃាត់ខ្លួនស្រ្តីចំនួន៩នាក់និងព្រមទាំងដកហូតវត្ថុតាងបៀរចំនួន ១៧ ហ៊ូ ផងដែរ។
បន្ទាប់មក ស្ត្រីអ្នកញៀនល្បែងទាំង៩នាក់នោះ ក៏ត្រូវបាននគរបាលបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










