ភ្នំពេញ ៖ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៥គ្រឿង និងសម្ភារៈបច្ចេកទេសគាំទ្របោសសម្អាតមីនមួយចំនួន ដែលមានតម្លៃប្រមាណជិត ៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ជប៉ុន នឹងរៀបចំកម្មវិធីផ្ទេរ-ប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
ក្នុងផេកហ្វេសប៊ុក លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានបញ្ជាក់ថា “នៅថ្ងៃចន្ទទី៨ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ អង្គភាពស៊ីម៉ាក់នឹងរៀបចំកម្មវិធីផ្ទេរ-ប្រគល់ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៥គ្រឿង និងសម្ភារៈបច្ចេកទេសគាំទ្របោសសំអាតមីនមួយចំនួន ដែលជាជំនួយឥតសំណង របស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសកម្មភាពកម្ចាត់មីនរបស់អង្គភាពស៊ីម៉ាក់ ដែលគិតជាថវិកា ចំនួនជិត៥លានដុល្លារអាមេរិក”។
កម្មវិធីផ្ទេរ-ប្រគល់នេះ នឹងប្រព្រឹតិ្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងលោក Horinouchi Hidehisa ឯកអគ្គរាជទូតជប៉ុន នៅទីបញ្ជាការស៊ីម៉ាក់ខេត្តបាត់ដំបង។
ជំរុញយុទ្ធសាស្ត្រដាក់ប្រតិបតិ្តការគ្រឿងចក្រជួយអ្នកដោះមីន តែគ្រឿងចក្រកម្ទេចមីនមិនអាចស៊ូជាមួយគ្រាប់មីនតោនបានទេ។ ដាក់គ្រាប់ប្រឆាំងមនុស្សច្រើនយ៉ាងនេះហើយ ថែមគ្រាប់មីនតោនទៀត។ នេះបានហៅថា ជំនាញខាងទ័ពព្រៃមែន ប្រើប្រាស់អស់លទ្ធភាពដើម្បីតែសម្លាប់គ្នា។
ហើយកាលម្សិលមិញ នៅទីតាំងក្បែរកន្លែងស៊ីម៉ាក់ធ្វើប្រតិបតិ្តការដែរគោ២ក្បាលត្រូវផ្ទុះគ្រាប់មីនតោនងាប់ ដោយសារមានភ្លៀងដីជ្រាយ សត្វគោសប្បាយចិត្តនឹងទឹកភ្លៀង លោតផ្លោះលេងត្រូវចំគ្រប់មីនតោន ផ្ទុះតែម្តង។
នៅថ្ងៃចន្ទទី១ខែឧសភា ឆ្នាំ២០១៨នេះ ជាទិវាពលកម្មអន្តរជាតិ តែកម្លាំងស៊ីម៉ាក់នៅទិសខ្លះនៅប្រតិបតិ្តការធម្មតាដោយសារមានភារកិច្ចចាំបាច់និងដាក់ឈប់សងវិញនៅពេលក្រោយ។ មួយថ្ងៃនេះ គឺថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៨ រុករកឃើញគ្រាប់មីនមួយទិសម៉ាឡៃបានចំនួន៨២គ្រាប់៕ ដោយ ៖ បញ្ញាស័ក្តិ