Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ជេ អេសលែន ភីអិលស៊ី បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុន ជេ អេសលែន ភីអិលស៊ី បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២នេះ។​

ពិធីចុះបញ្ជីលក់មូលបត្ររបស់ក្រុមហ៊ុនធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា។ ក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី ជាក្រុមហ៊ុនទី២ ដែលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើន នៃផ្សារមូលបត្រកម្ពុជា ដែលមាននិមិត្តសញ្ញា JSL ភាគហ៊ុនចុះបញ្ជីសរុបចំនួន ២៥.៧១០.០០០ ភាគហ៊ុន ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រ លើកដំបូងក្នុងមួយឯកតាស្នើនឹង ១.៩០០​រៀល និងមានមូលធនូបនីយកម្មទីផ្សារសរុប ៤៨,៨ប៊ីលានរៀល (ប្រមាណ ១២លានដុល្លារអាមេរិក)។

លោក ស៊ូ សុជាតិ បានលើកឡើងថា នេះជាកម្មវិធីលើកដំបូងនៅឆ្នាំ២០២២ ដែលមានក្រុមហ៊ុនជេអេសលែន ដែលជាក្រុមហ៊ុនទីមួយស្ថិតក្នុងវិស័យអចលនទ្រព្យ ដែលបានឈានជើងចូលផ្សារមូលបត្រកម្ពុជា។  លោកបន្តថា ក្រុមហ៊ុនជេអេសលែន គឺជាក្រុមហ៊ុនល្អនិងច្បាស់លាស់មួយដែលហ៊ានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយក្រុមហ៊ុនមានអភិបាលកិច្ចល្អ មានតម្លាភាពរបាយការណ៍ហិរញ្ញវត្ថុ ដែលផ្តល់ទំនុកចិត្តដល់អតិថិជនមិនមែនមួយថ្ងៃ ឬមួយឆ្នាំ គឺរហូតក្នុងការកាន់កាប់ នៅក្នុងការទទួលបានសិទ្ធិលើខុនដូររបស់ក្រុមហ៊ុន ជេអេសលែន។ 

លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃនេះផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៥ ដែលរួមមាន ក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីជាភាគហ៊ុន និង ៦ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ សរុបទុនដែលក្រុមហ៊ុនទាំងអស់ប្រមូលកៀរគរបានពីទីផ្សារមូលបត្រ មានប្រមាណជាង ២៨១លានដុល្លារអាមេរិក។

លោកបន្តថា ក្រុមហ៊ុនទាំងនេះមិនត្រឹមតែមានលទ្ធភាពទទួលបាននូវប្រភពទុនដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែងប៉ុណ្ណោះទេ តែថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល បង្កើនកិត្តិនាមរបស់ខ្លួននៅទីផ្សារជាតិនិងអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីដៃគូអាជីវកម្មសក្កានុពល និងទទួលបានទំនុកចិត្តបន្ថែមពីអតិថិជន វិនិយោគិន និងសាធារណជនទូទៅទៀតផង។

លោក ឧកញ៉ា កូយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ ក្រុមហ៊ុនជេអេសលែន ភីអិលស៊ី ក៏បានលើកឡើងផងដែរថា ការប្រមូលមូលធនតាមរយៈផ្សារមូលបត្រកម្ពុជា នឹងអនុញ្ញាតឲ្យយើងអាចពង្រីកខ្លួន និងពន្លឿនផែនការមេរបស់ក្រុមហ៊ុនឲ្យលេចចេញជារូបរាងឡើងកាន់តែច្បាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លើសពីនេះទៅទៀត ការក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពូជានឹងផ្តល់ឲ្យក្រុមហ៊ុននូវការប្រគួតប្រជែងមួយដែលឈានមុខគេ បង្កើតបាននូវទំនុកចិត្ត ហើយក្នុងពេលជាមួយគ្នានេះ គឺបង្កើតបាននូវទីផ្សារដើម្បីដោះស្រាយបាននូវគុណតម្លៃសម្រាប់អតិថិជន អ្នកវិនិយោគិន និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុនផ្ទាល់៕

×