ភ្នំពេញ៖ ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ការិយាល័យតំណាង ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អ្នកដំណើរការតតិយភាគី អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន គ្រឹះស្ថានឥណទានជនបទ និងអាជីវកម្មប្តូរប្រាក់ មានចំនួនសរុប ២.៨៨៦ គិតត្រឹមចុងឆ្នាំ២០២១។
ជាមួយនិងជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានបន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជន ដោយមានអត្រា ១៥,៤ ភាគរយ ស្មើនឹង ៣៨,៥ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ទោះបីប្រឈមនឹងវិបត្តិ ដែលអូសបន្លាយអស់រយៈពេលពីរឆ្នាំកន្លងមកនេះក៏ដោយ ក៏ប្រព័ន្ធធនាគារកម្ពុជា បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេស វិស័យដែលរងផលប៉ះពាល់។ ជាលទ្ធផល កំណើនឥណទាន បានបន្តកើនឡើង ២១,២ភាគរយ នៅឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០២០ ដែលមានទំហំទឹកប្រាក់ ៤៥,៧ពាន់លានដុល្លារ ហើយត្រូវបានបែងចែកទៅគ្រប់វិស័យ៕