ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S22 ដែលនឹងមកដល់ទីផ្សារប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ សាមសុង Galaxy S22នេះ អាចលក់ក្នុងតម្លៃចាប់ពី ១០៩៩ដុល្លារអាមេរិក ហើយគេរំពឹងថា នឹងដាក់លក់នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។
ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ខ្លូត ពិសិដ្ឋ បានបញ្ជាក់ថា ឆ្នាំ២០២២នេះ សាមស៊ុង បានធ្វើឱ្យពិភពលោកកក្រើក ម្តងទៀត ដោយ Galaxy S22 បំពាក់នូវបច្ចេកវិទ្យា ដូចជា៖ កាមេរ៉ាជំនាញដូចអ្នកអាជីព ដែលអាចថតភ្លឺច្បាស់ខ្លាំងនៅពេលយប់ ថាមពលថ្មអាចប្រើបាន ២ថ្ងៃ និងអ្វីដែលកាន់តែពិសេសនោះគឺ Galaxy S22 ស៊េរី មកលើកនេះគឺត្រូវបានបំពាក់មកជាមួយប៊ិកវេទមន្ត S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរ។
លោកបន្តថា ចំណុចទាំងអស់នេះ ធ្វើឲ្យមានភាពជឿជាក់ថា អតិថិជនទាំងអស់កំពុងទន្ទឹងរង់ចាំការចាប់កាន់ប្រើផ្ទាល់ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ក៏ដូចជារចនាបទថ្មី ផ្នត់គំនិតថ្មី និងកំណត់ត្រាថ្មីនៃស្មាតហ្វូនមួយនេះនៅលើទីផ្សារកម្ពុជា៕