Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមអ្នកនាំចេញ ពន្លឿនការសិក្សា និងធ្វើពិពិធកម្មទំនិញឱ្យបានឆាប់សម្រាប់ទីផ្សារប្រទេសចិន

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ក្រុមហ៊ុននាំចេញទាំងឡាយ ពន្លឿនការសិក្សា និងធ្វើពិពិធកម្មទំនិញរបស់ខ្លួនសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ឱ្យបានឆាប់ កាន់តែប្រសើរ ព្រោះថា រហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនដែលនាំចេញណាធ្វើឡើងក្រោមអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP នោះទេ។

លោក ប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការដែលមិនទាន់មានក្រុមហ៊ុននាំចេញណាចាប់ផ្ដើមដំណើរការក្នុងក្របខ័ណ្ឌខ្សែចង្វាក់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូ RCEP នោះ គឺដោយសារតែក្រុមអ្នកនាំចេញទាំងនោះនៅបន្តប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិន ដែលភាគច្រើនក៏ទទួលបានអត្រាពន្ធនាំចូលសូន្យដូចគ្នា ចំពោះមុខទំនិញដែលមានស្រាប់, ហើយចំពោះមុខទំនិញថ្មីទៀត ក្រុមអ្នកនាំចេញកំពុងសិក្សាអំពីទីផ្សារប្រទេសចិនបន្ថែម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម រូបនេះ បញ្ជាក់ថា បច្ចុប្បន្ន ពាណិជ្ជករ និងក្រុមអ្នកនាំចេញទាំងឡាយ កំពុងតែទំនាក់ទំនងជាមួយភាគីដៃគូ នៅប្រទេសចិនដែលខ្លួនត្រូវនាំចូល ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទាំងពីរនេះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូ RCEP, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកនាំចូលទំនិញពីចិនមកកម្ពុជា បានធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទាំងពីរនេះរួចហើយ។

ចំណែកក្រុមអ្នកនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនវិញ មូលហេតុដែលយឺតយ៉ាវក្នុងកិច្ចដំណើរការពាណិជ្ជកម្មតាមខ្សែចង្វាក់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូ RCEP គឺដោយសារតែអ្នកនាំចេញមួយចំនួន ត្រូវការសិក្សាបន្ថែមអំពីទីផ្សារក្នុងប្រទេសចិន និងធ្វើពិពិធកម្មទំនិញរបស់ខ្លួន សម្រាប់ធ្វើការនាំចេញ ថាតើមុខទំនិញអ្វីខ្លះដាក់ទៅឲ្យត្រូវនឹងទីផ្សារប្រទេសចិន។

លោក ប៉ែន សុជាតិ ពន្យល់ថា ទាក់ទងនឹងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នេះទៀត គឺទាំងភាគីអ្នកទទួលទិញនៅទីផ្សារចិន និងភាគីអ្នកនាំចេញពីក្នុងប្រទេសយើង កំពុងតែធ្វើការជំរុញទៅលើទំនិញផ្សេងៗ ក្រៅពីទំនិញដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ហើយចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌ RCEP ក៏ដូចគ្នា ព្រោះកន្លងទៅ ក្នុងនាមយើងជាប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសជាដៃគូមួយចំនួន យើងក៏ទទួលបានអត្ថប្រយោជន៍ ពីប្រទេសដៃគូទាំងនោះដែរ ដូចជាប្រទេសអូស្ត្រាលី ញូវហ្សេលែន , ហើយទំនិញរបស់យើងខ្លះ ក៏ទទួលបានការអនុគ្រោះក្រោមប្រព័ន្ធ GSP និងទំនិញមួយចំនួន ទទួលបានពីការអនុគ្រោះក្រោមកិច្ចព្រមព្រៀង ជាសមាជិកអាស៊ាន។

ដូច្នេះ សរុបទៅ ក្រុមអ្នកនាំចេញ ត្រូវការពេលវេលាបន្តិចទៀតសម្រាប់សិក្សាពីទីផ្សារប្រទេសចិន ដែលខុសពីអ្នកនាំចេញពីចិនចូលមកកម្ពុជាយើង ដែលអ្នកខ្លះបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ក្នុងការនាំចូលមកកម្ពុជាយើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងក្របខ័ណ្ឌ RCEP៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×