គិតត្រឹមបំណាច់ឆ្នាំ២០២១ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទសរុបមានប្រមាណ ៣៧,៣០ ទ្រីលានរៀល (ស្មើនឹង ៩,១៦ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមការបញ្ជាក់ពីលោក
ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ របស់ធនាគារជាតិនៃកម្ពុជាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»ជូនអ្នកពាក់ពន្ធ័ក្នុងស្រុកសំបូរ
ខេត្តក្រចេះ។
លោក ម៉ែន ភក្តី នូវបានបញ្ជាក់យ៉ាងដូច្នេះថា៖«ទោះបីកម្ពុជាជួបការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏សកម្មភាពប្រតិបត្តិការក្នុងវិស័យមីក្រូនៅកម្ពុជានៅតែដំណើរការនិង ប្រតិបត្តិការដោយកាទទទួលខុសត្រូវខ្ពស់ជានិច្ច។»
ជាក់ស្ដែង លោកបានឲ្យដឹងថាគិតត្រឹមបំណាច់ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និង និងគ្រឹះស្ថានឥណទានជន នៅតែប្រតិបត្តិការនៅទូទាំងប្រទេស។ ហើយទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទសរុបមានប្រមាណ ៣៧,៣០ ទ្រីលានរៀល (ស្មើនឹង ៩,១៦ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣៤,៦ ទ្រីលានរៀល (ស្មើនឹង ៨,៥ ប៊ីលានដុល្លារអាមេរិក) ផ្តល់ដល់អតិថិជនចំនួនជាង ១,៩៧ លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង ២,៨ លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបប្រមាណ ១៧,៧ ទ្រីលានរៀល (ស្មើនឹង ៤,៣ ប៊ីលានដុល្លារអាមេរិក)។
ដោយឡែកនៅក្នុងអំឡុងរងការប៉ះ ពាល់ពីកូវីដ១៩នេះដែរ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏បានរៀបចំឥណទានឡើងវិញដើម្បីគាំពារដល់អតិថិជនរបស់ខ្លួនដែរ។ បើតាមការបញ្ជាក់ពីលោក សួន ពិសី ប្រធានក្លឹបប្រតិបត្តិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថានៅឆ្នាំ២០២១កន្លងទៅនេះឥណទានដែលបានរៀបចំឡើងវិញមានចំនួន ៣៧០ ៧៨៥ គណនីស្មើនឹងទឹកប្រាក់ ៥,៤៩ប៊ីលានដុល្លា។
លោក ម៉ែន ភក្តីបានគូសបញ្ជាក់ឲ្យដឹងដែរថា៖«វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ជាពិសេសនៅក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។
ដូចនេះហើយទើប រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍន៍ច្បាស់លាស់ដោយអនុញ្ញាតឲ្យវិស័យនេះមានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាពនិងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។
នៅក្នុងឱកាសនោះលោក ម៉ែន ភក្តីបានបង្ហាញមោទនភាពខ្ពស់ចំពោះ វិស័យមីក្រូហិរញ្ញវត្ថុ ថាទោះជួបវបត្តិកូវីដក៏ដោយវិស័យនេះនៅតែរក្សានូវការរីកចម្រើន និងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្តារនិងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។
លោកបានបន្តទៀតថា៖«ដើម្បីពង្រឹងតួនាទីយ៉ាងសំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុនេះធនាគារជាតិនៃកម្ពុជា បានធ្វើសកម្មភាពនិងយុទ្ធនាការនានា ជាច្រើនក្នុងគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ជំរុញការផ្តល់ឥណទានប្រកដោយការទទួលខុសត្រូវ និងពង្រឹងគោលការណ៍ផ្តល់កម្ចីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។»
ជាមួយនេះដែរលោកបានសំណូមពរឲ្យមានការជួយផ្សព្វផ្សាយនិងអប់រំប្រជាជនឲ្យខ្ចីប្រាក់ពីគ្រឹះស្ថានស្របច្បាប់ ព្រមទាំង ប្រើប្រាស់ប្រាក់កម្ចីនោះឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ដោយឡែកផ្នែកពាក់ពន្ធ័គប្បីត្រូវចូលរួមទាំងអស់គ្នាជួយពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឲ្យបានហ្មត់ចត់ មុននឹងចេញលិខិតបញ្ជាក់សម្រាប់ស្នើសុំប្រាក់កម្ចី។
លោកនូវបានស្នើសុំចំពោះអាជ្ញាធរមូលដ្ឋានឲ្យបន្តរាយការណ៍ និងចូលរួមសហការចាត់វិធានការ ចំពោះសកម្មភាពប្រមូលប្រាក់សន្សំខុសច្បាប់ ឬ ផ្តល់កម្ចី ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវផងដែរដើម្បីបានទប់ស្កាត់ទាន់ពេលវេលាកុំឲ្យប្រជាជនក្នុងមូលដ្ឋានខ្លួនរងគ្រោះនិងជាប់បំណុលវ័ណ្ឌក ពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័៕