លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)សម្រាប់ អាណត្តិ២០២២ ដល់២០២៣។ ចំណែកលោកស្រី ឌិត នីតា អគ្គនាយិកាប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា (CAMMA) ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមផងដែរ។
ការបោះឆ្នោតនេះត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ របស់សមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការចូលរួមពីសមាជិកសមាជីកាជាង១០០ស្ថាប័ន។
គួរជម្រាបថាក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចចាំបាច់ ដើម្បីធានាក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការ និង ទ្រព្យសម្បត្តិសមាគម ឱ្យបានពេញលេញ និង ត្រឹមត្រូវ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាអោយបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែបទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
លោក សុខ វឿន បច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី
(ខេមបូឌា) ភីអិលស៊ី។ លោក ក៏ជាសមាជិកនៃ Certified Management Accountant (CMA) ជាសមាជិកវិទ្យាស្ថានគណនេយ្យសាធារណៈ (IPA) ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាអភិបាលឯករាជ្យនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។
លោក សុខ វឿន មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមានការគ្រប់គ្រងទៅលើការអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍន៍ផលិតផល ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងលើឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស។ លោក បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៥ និងបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងការគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចក្នុងឆ្នាំ ២០០០៕