ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងគណៈប្រតិភូផ្សេងទៀត បានចុះស្វែងយល់ពីវឌ្ឍនភាពនៃបច្ចេកវិទ្យា ឌីជីថលក្នុងវិស័យធនាគារ និងការច្នៃប្រឌិតផ្នែកឌីជីថលរបស់ធនាគារវីង។
ធនាគារ វីង បានបង្ហាញឯកឧត្តម គង់ វិបុល និងគណៈប្រតិភូពីរបៀបដែលធនាគារនេះ បានប្រើប្រាស់ប្រព័ន្ធអេកូឌីជីថល និងបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីកាត់បន្ថយភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់កម្ចីរបស់អតិថិជន គាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល ការបើកដំណើរការពាណិជ្ជកម្មអេឡិចត្រូនិក និងអភិបាលកិច្ចអេឡិចត្រូនិក ព្រមទាំងការគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបើកចំហ និងឌីជីថល។
អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញគណប្រតិភូ និងមានប្រសាសន៍ថាធនាគារ វីង បាន និងកំពុងធ្វើការដោយយកចិត្តទុកដាក់ ដើម្បីធានាឲ្យបានថាសហគមន៍របស់យើងអាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយ តាមប្រព័ន្ធឌីជីថល និងដោយផ្ទាល់ នៅពេលណាដែលពួកគេត្រូវការចាំបាច់។ ការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុឌីជីថល ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុពីជំងឺរាតត្បាត និងជួយប្រជាជន ឲ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញបានលឿនជាងមុន៕