ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាង ១៥ ភាគរយ នៃការនាំចេញសរុប ក្នុងឆ្នាំ ២០២១។
កម្ពុជាបាននាំចេញផលិតផល មានតម្លៃ ១១.៣៨ ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ១៥.២ ភាគរយ ពីចំនួន ៩.៨៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានរោងចក្រ ប្រមាណជាង ១ពាន់រោងចក្រ ផ្តល់ការងារដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី ។
មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ក្នុងអត្រា ល្អប្រសើរជាងការរំពឹងទុក ៣ ភាគរយ នៅឆ្នាំ២០២១ ពីការធ្លាក់ចុះ ៣.១ ភាគរយក្នុងឆ្នាំ២០២០ ដោយជំរុញការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យកាត់ដេរ និងវិស័យមិនមែនកាត់ដេរ ព្រមទាំងវិស័យកសិកម្មផងដែរ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ឆ្នាំ ២០២២នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រាខ្ពស់ប្រហែល ៥.៦% ដោយមាន ការរំពឹងទុកពីរការកើនឡើងនៃតម្រូវការពិភពលោក និងទំនុកចិត្តរបស់អ្នកវិនិយោគបរទេស ពិសេសភាព ជោគជ័យនៃការកចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា៕
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអឺរ៉ុប នៅតែជាទីផ្សារដ៏សំខាន់របស់កម្ពុជា ក្នុងការនាំចេញវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ប្រទេសកម្ពុជា៕