ភ្នំពេញ៖ ច្រកព្រំដែនអន្តរជាតិថ្មដានេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ជាមួយនិងខេត្តត្រាតប្រទេសថៃ។ ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមមួយកំរិតទៀត។
អ្នកជំនាញរំពឹងថា ទៅថ្ងៃអនាគតច្រកព្រំដែនអន្តរជាតិថ្មដា នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសមួយដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ តាមរយៈដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដោះដូរទំនិញគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកច្រកព្រំដែនអន្តរជាតិនេះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម មានចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ មានឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំមួយនៃក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូននាពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដានេះ ដើម្បីឈានទៅដល់ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះរវាងប្រទេសកម្ពុជា-ថៃ នាពេលឆាប់ៗខាងមុខនេះ៕
គួរបញ្ជាក់ថា បច្ចុប្បន្នគេសង្កេតឃើញថា ច្រកថ្មដា មានការវិនិយោគអភិវឌ្ឍលំនៅឋាន សណ្ឋាគារ ផ្សារ កាស៊ីណូ និងកន្លែងលម្ហែកាយ ព្រមទាំងមានទឹកជ្រោះ និងទេសភាពភ្នំ ១៥០០ យ៉ាងស្រស់ស្អាត ខណៈ ខេត្តត្រាត នៃប្រទេសថៃ ក៏ជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រផងដែរ៕