ភ្នំពេញ ៖ ថ្មីៗនេះ បុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមានផលិតស្រាបៀរដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានចុះជួយកែលម្អសោភ័ណភាព នៃអគារសិក្សាទ្រុឌទ្រោមមួយខ្នងទៀតជូនសាលាវិទ្យាល័យព្រែកឯង ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សកម្មភាពនេះបានដឹកនាំដោយលោក Roland Bala នាយកគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន CBL និងមានការចូលរួមគាំទ្រពី លោកអ៊ុំ សារី ប្រធានការិយាល័យអប់រំខណ្ឌច្បារអំពៅ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យព្រែកឯកជាច្រើន។
ក្នុងឱកាសដ៏ពិសេសនេះ លោក ប៉ាង វិសុទ្ធ នាយកសាលាវិទ្យាល័យព្រែកឯក ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការីទាំងអស់ ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយដល់សាលាឱ្យមានការរីកចម្រើន ជាពិសេសបានប្រែក្លាយ បន្ទប់ថ្នាក់រៀននីមួយៗ ទៅជាទីកន្លែងមានបរិយាកាសល្អ គួរចង់សិក្សា ដោយឆ្នាំនេះ បានធ្វើការលាបថ្នាំថ្មី នៃអគារសិក្សាមួយខ្នងទៀតដែលមាន ៥ បន្ទប់ ព្រមទាំងសាងសង់ផ្លូវប៉េតុង ប្រវែង៤៥ម៉ែត្រ សាងសង់ផ្លូវជុំវិញអគារ និងជួសជុលបន្ទប់ទឹកផងដែរ។
ជាមួយគ្នានោះដែរ លោក Roland Bala នាយកគ្រប់គ្រង នៃក្រុមហ៊ុន CBL បានមានប្រសាសន៍ថា នេះជាឆ្នាំទី៥ ដែលបុគ្គលិកក្រុមហ៊ុនរបស់យើង បានចំណាយពេលចុងសប្តាហ៍ចូលរួម កម្មវិធីកែលម្អសោភ័ណភាព នៃអគារសិក្សា សម្រាប់សិស្សានុសិស្សរបស់យើង។ យុវជនថ្ងៃនេះ ជា អនាគតអ្នកដឹកនាំ នាពេលខាងមុខ ដូច្នេះពួកគាត់ ត្រូវត្រៀមខ្លួនឲ្យល្អ សម្រាប់ការសិក្សារៀនសូត្រ។
ប្អូនស្រី សំរេច មេត្តា តំណាងសិស្សានុសិស្ស នៃសាលាវិទ្យាល័យព្រែកឯក ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ហើយប្តេជ្ញាចិត្ត ចូលរួមថែទាំអគារសិក្សា និងសមិទ្ធផលនានា ព្រមទាំងប្តេជ្ញាចិត្ត ខិតខំរៀនសូត្រ ដើម្បីប្រឡងឲ្យជាប់ សញ្ញាបត្រមធ្យមសិក្សាទុតយភូមិ នាពេលខាងមុន។
គួររំលឹកផងដែរថា គម្រោងកែលម្អសាលាវិទ្យាល័យព្រែកឯង របស់ក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) មានរយៈពេលពីរឆ្នាំ ដែលផ្តល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្សប្រមាណ ១៩០០នាក់ ដោយផ្តោតជាចម្បងលើការជួលជុល កែលម្អអគារសិក្សាចំនួនពីរខ្នង ជួលជុលកែលម្អ បន្ទប់សិក្សាកុំព្យូទ័រ មួយបន្ទប់ ព្រមទាំងបំពាក់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ដាក់ប្រព័ន្ធបណ្តាញ លូទឹក ដើម្បីបញ្ជៀសទឹកជន់ នៅពេលភ្លៀងធ្លាក់ កសាងផ្លូវដើរ ពីអគារមួយទៅអគារមួយទៀត និងជួលជុលបន្ទប់ទឹកផងដែរ។
ក្រុមហ៊ុន CBL ដែលជាក្រុមហ៊ុន ផលិតស្រាបៀរ គុណភាពលំដាប់ពិភពលោក ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួម រាល់សកម្មភាពនានា ក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ ជាពិសេសលើការប្រព្រឹត្ដខ្លួន ជាសហគ្រាសមួយ ដែលមានស្មារតី ទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕ ដោយ ៖ បញ្ញាស័ក្តិ