Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានាំចេញផលិតផលមិនមែនកាត់ដេរ កើនឡើងជាង ៤៤% នៅឆ្នាំ ២០២១

ភ្នំពេញ៖ ផលិតផលមិនមែនកាត់ដេរ មានដូចជា៖ គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត ផលិត​ផល​ពីឈើ ស្បែកសត្វកែច្នៃ កង់ ផលិតផលប្លាស្ទិច និងផលិតផលឧស្សាហកម្មផ្សេងៗទៀត។

បើយោងតាមទិន្នន័យរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ ២០២១ កម្ពុជានាំចេញផលិតផលមិនមែនកាត់ដេរ មានចំនួន ៤.៥៤២,១ លានដុល្លារ កើនឡើង ៤៤,២% បើធៀបនឹងឆ្នាំ ២០២០។

គួរបញ្ជាក់ថា បើទោះបីជាវិស័យកាត់ដេរ នៅតែជាក្បាលម៉ាស៊ីនអូសទាញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា នាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែការនំាចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ក៏កំពុងមានកំណើនយ៉ាងលឿនជាលំដាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រាជរដ្ឋាភិបាល កំពុងដាក់គោលនយោបាយងាកចេញពីវិស័យកាត់ដេរ ដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ប៉ុន្តែទទួលចំណូល ឬតម្លៃបន្ថែមទាប ក្នុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិពភលោកកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

ការអភិវឌ្ឍវិស័យឧស្សាហកម្ម​ គឺបាននាំមកនូវការធ្វើពិពិធកម្មនៃប្រភេទផលិតផល ដែលផលិតបាននៅក្នុងប្រទេសកម្ពុជា ហើយបានឆ្លុះបញ្ចាំងតាមរយៈទំហំនៃការនាំចេញសម្លៀកបំពាក់ ធៀបទៅនឹងការនាំចេញសរុបបានថយចុះពី ៨២ភាគរយ ក្នុងឆ្នាំ ២០១២ មកត្រឹម ៧៤ភាគរយ ក្នុងឆ្នាំ ២០១៨ ស្របពេលដែលការនាំចេញផលិតផលផ្សេងទៀត ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក​ គ្រឿងសង្ហារឹម កង់ និងឧស្សាហកម្មដំឡើងយានយន្ត ចជាដើម មានការកើនឡើងគួរឲ្យកត់សម្គាល់។

កំណើននៃការនាំចេញនេះ ឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា បើទោះបីជានៅពេលនេះកម្ពុជា ក៏ដូចជាពិភពលោក កំពុងជួបវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ ប៉ុន្តែការនាំចេញផលិតផលមិនមែនកាត់ដេរទាំងនេះ បានបង្ហាញពីការកើនឡើងដ៏ល្អ និងភាពប្រសើរឡើងនៃសេដ្ឋកិច្ចកម្ពុជា៕

×