ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃ ១ ខែ វិច្ឆិការ ២០១៧ នេះ បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ ដោយសារតែរឿងគំនុំ ។ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១និង៤៥នាទីនៅចំណុច ផ្ទះគ្មានម្ចាស់មួយកន្លែងស្ថិតក្នុងភូមិដំណាក់រវៀង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
អធិការដ្ឋាននគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានឱ្យដឹងថា ជនសង្ស័យ ខាងលើមានឈ្មោះ មុំ បេ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ សុខ ភេទប្រុស រស់នៅផ្ទះជួល ម្ដុំជម្ពូវ័នសង្កាត់ចោមចៅ ខណ្ឌ័ពោសែនជ័យ រាជធានីភ្នំពេញ។ ដោយនៅថ្ងៃកើតហេតុពួកគេបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ងិន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងពោធិ ឃុំជាងទង ស្រុកត្រាំកក់ ចំក្បាលនិងកញ្ចឹងកពីក្រោយជាច្រើនកាំបិតបណ្ដាលអោយរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានប្រាប់ប៉ូលីសថាមូលហេតុដែលនាំឱ្យមានទំនាស់រហូតឈានដល់កើតមានអំពើហិង្សា គឺបណ្តាលមកពីមានទំនាស់ពាក្យសំដី នឹងមានគំនុំពីមុនមក៕ តាកែវ