អស់រយៈពេលជាងកន្លះឆ្នាំមកនេះ ចំណុចត្រួតពិនិត្យព្រំដែនក្នុងស្រុក Longzhou តាមបណ្តោយព្រំដែនចិនជាមួយវៀតណាម បាននិងកំពុងប្រើប្រាស់សត្វក្ងាន ជាផ្នែកនៃឃ្លាំងអាវុធរបស់ពួកគេក្នុងការស្វែងរក និងចាប់ជនអន្តោប្រវេសន៍ខុសច្បាប់។
ជាផ្នែកនៃយុទ្ធសាស្ត្ររបស់ប្រទេសចិន ក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19 ប្រទេសនេះបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ទៅលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយមានការល្បាតតាមព្រំដែន និងចំណុចត្រួតពិនិត្យ ដែលដើរតួនាទីយ៉ាងសំខាន់។ តែទោះជាយ៉ាងណាក៏ដោយ ដោយសារចិន គឺជាប្រទេសដ៏ធំដែលមានព្រំដែនវែង ដូច្នេះការរក្សាមនុស្សចេញចូល មិនមែនជារឿងងាយស្រួលបំផុតដែលត្រូវធ្វើនោះទេ។
ជាក់ស្តែង ក្នុងនោះ នៅទីក្រុងឡុងចូវ ជាស្រុកមួយក្នុងខេត្តក្វាន់ស៊ី ព្រំដែនជាមួយប្រទេសវៀតណាម លាតសន្ធឹងប្រវែង ១៨៤ គីឡូម៉ែត្រនៅលើដី និង ២២ គីឡូម៉ែត្រ នៅលើទឹក ដោយមានផ្លូវលំជាច្រើន និងផ្លូវសម្រាប់ល្បាតដើម្បីតាមដាន។ ប៉ុន្តែ ជារឿងដ៏ល្អ ចាប់តាំងពីរដូវក្តៅមុនមក ពួកគេមានអាវុធសម្ងាត់ថ្មីមួយនៅក្នុងឃ្លាំងអាវុធរបស់ពួកគេ គឺសត្វក្ងាន។
កាលពីខែមិថុនាឆ្នាំមុន ស្រុក Longzhou បាននាំមុខគេក្នុងការធ្វើតេស្តសត្វក្ងានជាផ្នែកនៃយុទ្ធសាស្រ្តដ៏ស្មុគស្មាញមួយ ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ ហើយភ្លាមៗបានរាយការណ៍ពីលទ្ធផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើល។ ជាក់ស្តែង សត្វក្ងានបានបង្ហាញឱ្យឃើញពីការប្រុងប្រយ័ត្នចំពោះមនុស្សចម្លែក និងសំឡេងមិនធម្មតារបស់ពួកវាជាងសត្វឆ្កែ ដោយបានជួយភ្នាក់ងារព្រំដែនឱ្យចាប់មនុស្សមួយចំនួនដែលព្យាយាមចូលប្រទេសដោយខុសច្បាប់។
គិតត្រឹមខែកញ្ញាឆ្នាំមុន ក្រុមសត្វក្ងានត្រូវបានដាក់ពង្រាយទៅកាន់ចំណុចត្រួតពិនិត្យព្រំដែននៅតាមព្រំដែន Longzhou ហើយមិនយូរប៉ុន្មាន គ្រប់ក្រុមត្រួតពិនិត្យព្រំដែនទាំងអស់ បានបង្ហាញសត្វក្ងានយ៉ាងតិចមួយគូ។ យោងតាមសារព័ត៌មាន China News សត្វក្ងានពីរក្បាល ឆ្កែមួយក្បាល និងអ្នករស់នៅតាមព្រំដែនក្នុងតំបន់ចំនួនពីរ គឺតំណាងឱ្យក្រុមត្រួតពិនិត្យព្រំដែន “ស្តង់ដារ” នៅក្នុងស្រុកនាពេលបច្ចុប្បន្ននេះ។
ភូមិ និងទីប្រជុំជនជាច្រើននៅក្នុងស្រុក Longzhou ត្រូវបានហ៊ុំព័ទ្ធដោយភ្នំខ្ពស់ ព្រៃក្រាស់ និងបណ្តាញផ្លូវដូចពីងពាងដែលមនុស្សអាចប្រើដើម្បីលួចចូលប្រទេស។ តែទោះជាយ៉ាងណា ការណែនាំអំពីសត្វក្ងានបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ និងការរត់ពន្ធទំនិញផ្សេងៗ និងសត្វព្រៃ។
លោក Li Fei ភ្នាក់ងារត្រួតពិនិត្យព្រំដែនក្នុងស្រុកដែលឈរជើងនៅ Naguan បានប្រាប់អ្នកយកព័ត៌មានថា “សត្វក្ងានមានភាពរសើបខ្លាំងចំពោះសំឡេង” ។ ពួកវានឹងស្រែកនៅពេលដែលមានការរំខានបន្តិច ហើយពួកវានឹងស្រែកកាន់តែខ្លាំង នៅពេលដែលពួកវាឃើញមនុស្សចម្លែក”។
ឥឡូវនេះ មានសត្វក្ងានច្រើនជាងសត្វឆ្កែ ដែលចូលរួមក្នុងមជ្ឈមណ្ឌលបង្ការជំងឺរាតត្បាតរបស់ប្រទេសចិន នៅតាមព្រំដែនជាមួយប្រទេសវៀតណាម។ ជាក់ស្តែង បច្ចុប្បន្នមានសត្វឆ្កែប្រហែល ៤០០ ក្បាល និងសត្វក្ងាន ៥០០ ក្បាល ដែលត្រូវបានដាក់ពង្រាយនៅចន្លោះកន្លែងត្រួតពិនិត្យ និងការពារការរីករាលដាលនៃជំងឺឆ្លង តាមព្រំដែនជាង ៣០០ កន្លែង ហើយចំនួនសត្វស្លាបធំនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែច្រើន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


