ភ្នំពេញ ៖ តារាចម្រៀងថ្មី ប្រចាំផលិតកម្មសាន់ដេរ លោក សេង នរិន្ទសូរ្យ ត្រូវបាន ក្រុមអ្នកវិភាគសំឡេងច្រៀង លើកឡើងថា មានទឹកដមសំឡេង ធ្ងន់ពិរោះរណ្តំ ដែលយកជាការបាន។ ទុនសំឡេង មានពីធម្មជាតិ បែបនេះហើយ ទើបឆក់បានឱកាសហក់ចូលជា សមាជិកថ្មីមួយទៀត ដែលក្លាយជាតារាធនធានថ្មី ប្រចាំផលិតកម្មសាន់ដេរ។

បន្ទាប់ពីក្លាយជា តារាចម្រៀងជ្រកក្រោមផលិតកម្មមក សេង នរិន្ទសូរ្យ បានខិតខំបំពេញការងារ តាមការផ្តល់អោយពីថ្មាក់ដឹកនាំ។ លោកបន្ត មានឱកាសថតចម្រៀងផង និងសម្តែងផង បានជាបន្តបន្ទាប់ ដែលរុញអោយលោក មានទុននិងទឹកចិត្តជាថ្មីការ ដើរលើវិស័យចម្រៀង ក្រោមការប្រកួតប្រជែងគ្នា ពីតារាជាច្រើនបច្ចប្បន្ននេះ។ ថ្មីៗនេះ លោកទើបចេញ ចម្រៀងមួយបទ មានចំណងជើងថា «ទេសចរណ៍អភ័ព្ទ» សម្តែងជាមួយស្រីស្អាត ណូម័រ។ ចម្រៀងថ្មីនេះ បំណងធំ ពីតារាប្រុសរូបនេះ ចង់អោយអ្នកម្តាយ បានឃើញ ប៉ុន្តែអ្នកមានគុណរូបនេះ បានចាកឆ្ងាយ ដែលមិនបកត្រឡប់បាន។ ទើបបង្កអោយលោក នឹករលឹក និងស្តាយជាខ្លាំង មិនបានឃើញសមិទ្ឋិផលកូនខំតស៊ូ។

តារាចំណូលថ្មីរូបនេះ បានលើកឡើងថា បើទោះបីលោក បាត់បង់អ្នកម្តាយ ក៍លោកនឹងតស៊ូ បន្តទៀតលើវិស័យសិល្បៈ ដើម្បីបំពេញបំណងម្តាយ និងបង្ហាញអោយ ដួងព្រលឹងគាត់បានជ្រាប និងជូនពរកូនប្រុសរូបនេះអោយសំណាងល្អ។ លោកក្រាញជាមួយវិស័យមួយនេះ ក៏មិនតិចថ្ងៃដែរ ទម្រាំសាង ស្នាដៃបាន និងមានឈ្មោះជាតារាក្នុងផលិតកម្ម។ ត្បិតថាយើងមិនទាន់កងរំពងខ្លាំង តែនៅ មិនបោះបង់ចោលការងារនោះដែរ។ លោកនៅតែគិតថា សិល្បៈគឺតស៊ូ មិនងាយស្រួលនោះទេ ទម្រាំមានជោគជ័យ។ បើយើងមាននិស្ស័យទៅហើយ ត្រូវតែឈ្មុលអោយច្រើន។ ក្រៅពីច្រៀងនៅសាន់ដេរ នាពេលរាត្រី លោក សេង នរិន្ទសូរ្យ ក៍ច្រៀងជាប្រចាំ នៅហាងសាច់អាំងហេងៗ ក្បែរផ្សារស្ទឹងមានជ័យ ទីដែលតស៊ូរកប្រាក់ទប់ទល់ជីវភាពរស់នៅ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











