វីដេអូមួយ ដែលត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គមថ្មីៗនេះ បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ មើលហើយចង់មើលទៀត ព្រោះតែទប់សំណើចមិនជាប់ គ្រាដែលបានឃើញស្រ្តីម្នាក់ និងបុរសម្នាក់ ដែលជាដន្លងនិងគ្នា បែរជាប្រឡែងគ្នាដូចកូនក្មេងយ៉ាងសប្បាយ នៅពីក្រោយកូនកំលោះកូនក្រមុំ។
តាមរយៈវីដេអូ បានបង្ហាញប្តីប្រពន្ធមួយគូដែលទំនងជាមិត្តភក្តិនិងគ្នា អង្គុយពីខាងក្រោយកូនកំលោះកូនក្រមុំ ហើយក្នុងអំឡុងពេលកំពុងបាចផ្កាស្លា ស្រាប់តែដន្លងស្រីនិងដន្លងប្រុស ប្រឡែងបាចផ្កាស្លាដាក់គ្នាដូចកូនក្មេងអុីចឹង។ ក្នុងនោះ គេបានឃើញស្រ្តីជាប្រពន្ធគ្រួសារខាងកូនស្រី និងបុរសជាប្តីគ្រួសារខាងប្រុស ដែលទំនងធ្វើជាតំណាងឪពុកម្តយឲ្យកូនកំលោះ បានបាចផ្កាដាក់គ្នាទៅវិញទៅមក ធ្វើឲ្យកូនកំលោះ និងតាអាចារ្យ យាយៗនៅជុំវិញ ទប់សំណើចមិនចង់ជាប់។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិស្ងើចសរសើរ រំភើបចិត្តចំពោះសកម្មភាពដ៏ប្លែករបស់ដន្លងទាំងពីរថា៖ «គ្រួសាររីករាយ, មើលទៅពួកគាត់ពិតជាសប្បាយណាស់, ពួកម៉ាកកាលនៅរៀន ឥឡូវបានក្លាយជាដន្លងនិងគ្នាបាត់, សប្បាយម្យ៉ាងដែរតើមានដន្លងចឹងៗទៀតទេ មេីលហេីយមានក្តីសុខ…»។ ដោយឡែក នៅពេលចាប់អារម្មណ៍ស្តាយល៍បាញ់ផ្កាស្លារបស់ដន្លងស្រីឡើងអស់ទាស់ អ្នកលេងបណ្តាញសង្គមម្នាក់ បានលាន់មាត់អស់សំណើចថា នេះជាស្នៀតម្រាមដៃពិឃាដដែលបាត់បង់អស់រយៈពេលជិត៤០០ឆ្នាំមកហេីយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





