យុវជនខ្មែរសុរិន្ទម្នាក់ បានកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម នៅពេលបានឃើញយុវជនរូបនេះចេញវីដេអូ សម្តែងការហួសចិត្តយ៉ាងខ្លាំង ទៅលើពួកក្មេងស្ទាវជិះម៉ូតូព្រហើនៗ និងសូម្បីប្រមាថជីវិតពួកស្ទាវៗទាំងនោះទៀតផង ដោយរូបគេមិនគាំទ្រនូវទង្វើបែបនេះសោះឡើយ។
បើទោះជាស្តាប់បានខ្លះៗ តែបើតាមរយៈកាយវិការរបស់គាត់ នោះមនុស្សជាច្រើនអាចកាត់យល់បាននូវអ្វីដែលគាត់ចង់និយាយ។ ក្នុងនោះ យុវជនរូបនេះ បានរិះគន់ពួកក្មេងស្ទាវជិះម៉ូតូឈ្លើយៗ ដោយនិយាយដ៏ស្អប់ខ្លាំងថា រឿងទី១-ជិះម៉ូតូបញ្ចេញស្តាយល៍កាច់រាងដូចជាកន្ធែកជើង ធ្វើដូចជាប់សរសៃ ឬពិការអុីចឹង! ទី២- ជិះម៉ូតូធំស្តាយល៍ឱនពោប ក្រឡេកមើលក្រោយ ខ្លាចជ្រុះបំពង់សុីម៉ាំងឬកង់ក្រោយ!? ចុះបើជាន់ឆ្កែ ដួលងាប់តែឯងវាមិនស្អីទេ តែបើបុកមនុស្ស ប៉ះពាល់ដល់អាយុជីវិតគេតើយ៉ាងណាទៅ? ទី៣ ស្អប់បំផុត ក្រុមលេងបំពង់សុីម៉ាំង បើករោទិ៍បំពងសំឡេងលាន់ឮកក្រើកផ្លូវ រកគេឯងដេកពួនមិនបាន,…។
ពិតណាស់ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញយុវជនខ្មែរសុរិន្ទរូបនេះ ចេញមកនិយាយបែបនេះ ម្នាក់ៗពិតជាសាទរជាខ្លាំង ហើយបើទោះជាអ្នកខ្លះស្តាប់បានត្រឹម ៣០% តែពិតជាចង់ស្តាប់ការនិយាយរដឺនរបស់គាត់តែម្តង។ តែទោះយ៉ាងណា ក្នុងនោះអ្នកខ្លះបាននិយាយថា ពួកគាត់អាចស្តាប់បានទាំងអស់ ជាពិសេសអ្នកសៀមរាប បន្ទាយមានជ័យ ជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









